សមាគមអ្នកសាងសង់កម្ពុជា (CCA) ធ្វើជាម្ចាស់នៃពិធីជប់លៀងជួបជុំសមាជិកដែលប្រារព្ធធ្វើប្

ដោយមានគោលបំណងដូចគ្នាក្នុងការពង្រឹងទំនាក់ទំនងអាជីវកម្មក្នុងចំណោមសមាជិក សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំពិធីជប់លៀងជួបជុំសមាជិកដែលប្រារព្ធធ្វើប្រចាំត្រីមាស ដោយមានការចូលរួមពីនាយកប្រតិបត្តិជាតិ និងអន្តរជាតិជាង ២០០នាក់មកពីក្រុមហ៊ុនជាសមាជិករបស់ខ្លួនចំនួន ១១៣ និងភ្ញៀវផ្សេងទៀត។

កម្មវិធីជប់លៀងអាហារមិត្តភាពពេលល្ងាច ដែលបានប្រារព្ធធ្វើឡើងនៅក្នុងខែ មីនា ឆ្នាំ ២០១៦ នៅឯភោជនីយដ្ឋានទន្លេបាសាក់ II បានផ្តល់ឱកាសឲ្យតំណាងមកពីក្រុមហ៊ុនជាសមាជិក ធ្វើការពង្រឹងទំនាក់ទំនងជាមួយគ្នា និងស្វែងរកការផ្គូផ្គងអាជីវកម្មប្រកបដោយសក្តានុពល។

ថ្លែងនៅក្នុងពិធីជួបជុំនេះ ប្រធានសមាគមអ្នកសាងសង់កម្ពុជា (CCA) អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា សមាគមស្វែងរកមធ្យោបាយដើម្បីនាំមកនូវផលប្រយោជន៍ទៅឲ្យក្រុមហ៊ុនជាសមាជិករបស់ខ្លួន រួមទាំងការប្តេជ្ញាចិត្តរៀបចំកម្មវិធីជប់លៀងប្រចាំត្រីមាស ដែលបម្រើឲ្យការបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មនេះផងដែរ។

អ្នកឧកញ៉ាបានលើកឡើងថា “យើងប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីផ្តល់ផលប្រយោជន៍ឲ្យដល់សមាជិករបស់យើង ដោយការជួយលើកកម្ពស់អាជីវកម្មរបស់ពួកគេតាមរយៈមធ្យោបាយណាមួយដែលអាចធ្វើទៅបាន ដូចជាការរៀបចំព្រឹត្តិការណ៍បណ្តាញអាជីវកម្ម និងការតាំងពិព័រណ៍ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេជាដើម”។ លោកបានបន្ថែមទៀតថា “សមាគមសង្ឃឹមថាសមាជិករបស់សមាគមនឹងមានការគាំទ្រកាន់តែខ្លាំងឡើង ដើម្បីឲ្យមានការចូលរួមកាន់តែច្រើនឡើងថែមទៀតពីក្រុមហ៊ុនរកស៊ីទាក់ទងនឹងការសាងសង់ផ្សេងទៀត ដើម្បីពង្រឹងសមាគមមួយនេះ។”

CCA គឺជាសមាគមដែលគ្រប់គ្រងដោយអ្នកសាងសង់ឯកជននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១។ មកដល់ពេលនេះ សមាគមមានអាយុកាលប្រាំឆ្នាំហើយ ព្រមទាំងមានសមាជិកកើនឡើងពី ៣៦ក្រុមហ៊ុន ក្នុងឆ្នាំ ២០១២ មក ៥៨ ក្រុមហ៊ុនក្នុងឆ្នាំ ២០១៣ និង ៨០ក្រុមហ៊ុននៅឆ្នាំ ២០១៤ និង ១១៦ នៅឆ្នាំ ២០១៥។ ក្នុងនោះសមាជិករួមមានអ្នកសាងសង់ក្នុងស្រុក និងអន្តរជាតិ អ្នកអភិវឌ្ឍន៍ អ្នកផ្គត់ផ្គង់សម្ភារសំណង់ ក្រុមហ៊ុនទិញលក់អចលនទ្រព្យ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម។

CCA ក៏ជាសមាជិកនៃសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) គណៈកម្មាធិការសម្ភារសាងសង់ចិន-អាស៊ាន និងសហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី-ប៉ាស៊ីហ្វិកខាងលិច (IFAWPCA) ផងដែរ។ នៅក្នុងការផ្ដល់មតិយោបល់លើការអភិវឌ្ឍទីក្រុងរណបនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលធ្វើការអភិវឌ្ឍទីក្រុងកោះពេជ្រ ទីក្រុងរណបនៅជ្រោយចង្វារ បានលើកឡើងថា ការកសាងទីក្រុងរណប គឺជានិន្នាការអន្តរជាតិមួយ ដែលកើតមានក្នុងប្រទេសនានាដែលមានមនុស្សច្រើនជាង ៣លាននាក់ រស់នៅក្នុងទីក្រុងធំៗ។ ទីក្រុងទាំងនេះត្រូវធ្វើការអភិវឌ្ឍទីក្រុងរណបដែលមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មពេញលេញដើម្បីដោះស្រាយបញ្ហាពលរដ្ឋលើសចំណុះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបញ្ហាដទៃទៀតដែលប៉ះពាល់ដល់ទីក្រុង ហើយថា សាលារាជធានីភ្នំពេញបានលើកទឹកចិត្ដយ៉ាងខ្លាំងដល់វិនិយោគិន ចំពោះការអភិវឌ្ឍទីក្រុងរណប។

អ្នកព្យាករណ៍ពីអចលនទ្រព្យ បានព្យាករណ៍ថា វិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញនឹងកើនឡើងដូចប្រទេសអភិវឌ្ឍន៍ដទៃទៀត ដរាបណាមានការទិញ និងការជួលច្រើន។ ប្រសិនបើវិនិយោគិនសាងសង់ហើយ តែមិនមានអតិថិជនគ្រប់គ្រាន់ដើម្បីទិញ ឬជួលអគារ នោះការវិនិយោគរបស់ពួកគេនឹងបរាជ័យ។

លោកបានកត់សម្គាល់ឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍កាន់តែច្រើនឡើង បានផ្តោតជាសំខាន់លើគុណភាពនៃការសាងសង់របស់ខ្លួន ចំពេលដែលការប្រកួតប្រជែងក្នុងទីផ្សារមានភាពលំបាកជាងពីមុន។

បើតាមការលើកឡើងរបស់ប្រធានសមាគម មានបុគ្គលិក ៣០០ពាន់នាក់កំពុងធ្វើការនៅក្នុងគំរោងជាច្រើននៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ ការអភិវឌ្ឍទីក្រុងកោះពេជ្រតែឯង មានកម្មករជាង ៣០០០នាក់ទៅហើយ។ ក៏ប៉ុន្តែលោកបានរិះគន់ថា អ្នកអភិវឌ្ឍន៍មិនចង់ជួលបុគ្កលិកបរទេសនោះទេ ដោយសារតែពួកគេមានតំលៃខ្លួនថ្លៃច្រើនជាងបុគ្គលិកក្នុងស្រុក ប៉ុន្តែកង្វះកម្លាំងពលកម្មដែលមានជំនាញក្នុងស្រុក គឺជាបញ្ហាប្រឈមដ៏ចម្បង។

លោកបានបន្ថែមថា “អ្នកអភិវឌ្ឍន៍មិនចង់ជួលបុគ្គលិកបរទេសនោះទេ ដោយសារតែវាមានតម្លៃថ្លៃ ប៉ុន្តែពួកគេមិនមានជម្រើសដោយថា កម្មករក្នុងស្រុកមិនមានជំនាញដែលពួកគេត្រូវការ” ហើយថា “ខ្ញុំជឿថាក្រុមហ៊ុនសំណង់នីមួយៗនឹងមានគម្រោងបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួន ដើម្បីការកាត់បន្ថយការចំណាយ ហើយក្នុងនោះ ក្រុមហ៊ុន កាណាឌីយ៉ា និង កោះពេជ្រ គឺកំពុងតែធ្វើកិច្ចការនេះ។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]