សមាគមអ្នកសាងសង់កម្ពុជាជួយលើកកម្ពស់ច្បាប់សាងសង់ថ្មី

សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) គាំទ្រ​ចំពោះ​ច្បាប់​សាងសង់​ដែល​ទើប​អនុម័ត​ទៅ​ដល់​សមាជិក​របស់​ខ្លួន​ នឹង​បន្ត​ជួយ​​ផ្សព្វផ្សាយ​ច្បាប់​នេះ​បន្ថែម​ទៀត។

រដ្ឋសភា​ទើប​បាន​អនុម័ត​ច្បាប់​ ស្តីពី ការ​សាងសង់​​ក្នុង​ខែ​តុលា ដែល​ត្រូវ​បាន​ចងក្រង​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់​ និង អ្នក​ជំនាញ​នៅ​ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍​របស់​ប្រទេស​ជប៉ុន។

សេចក្ដីព្រាង​ច្បាប់​ស្តីពី សំណង់​មាន​ ៣១ទំព័រ ចែក​ចេញ​ជា ២២ជំពូក ​និង ១១៣មាត្រា ត្រូវ​បាន​តាក់តែង​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិស័យ​សំណង់​ដែល​កំពុង​រីកចម្រើន ដែល​ត្រូវការ​ពង្រឹង​ដំណើរការ និង ប្រតិបត្តិការ​ជាពិសេស​ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ។

លោក ជីវ ស៊ីវផេង អ្នក​គ្រប់គ្រង​ទូទៅ​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា​គាំទ្រ​ចំពោះ​ការ​ខិតខំ​ដឹកនាំ​របស់​ឯកឧត្ដម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី​ និង ជា​រដ្ឋមន្ត្រី​​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់ ថា​ជា​ស្ថាប័ន​សំខាន់​មួយ​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​ឱ្យ​ច្បាប់​នេះ​អាច​ដំណើរការ​ទៅ​រួច។

លោក​បាន​លើក​ឡើង​ថា “ក្នុងនាម​វិស័យ​ឯកជន យើង​សូមស្វាគមន៍​ និង រីករាយ​ចំពោះ​ការខិតខំ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់។ សមាគម​នឹង​មាន​ផែនការ​ការងារ​ដើម្បី​លើក​កម្ពស់​ច្បាប់​ដល់​អ្នក​សាងសង់​ទាំងអស់​ឱ្យ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​លើក​កម្ពស់​វិស័យ​សំណង់​នៅ​កម្ពុជា

សមាគម​អ្នក​សាងសង់​កម្ពុជា តែងតែ​ជួយ​គាំទ្រ​ដល់​ការងារ​ ដែល​ជួយ​លើក​កម្ពស់​ឧស្សាហកម្ម​សំណង់។ សមាគម​ក៏​បាន​គាំទ្រ​​ដល់​ការ​បោះពុម្ព​សៀវភៅ​​ណែនាំ​ស្តីពី​សុវត្ថិភាព​កម្មករ​សំណង់​នៅ​ការដ្ឋាន​ចំនួន​ ៣,០០០ ច្បាប់៕

- Video Advertisement -