សមាគមអ្នកសាងសង់កម្ពុជាគ្រោងនឹងរៀបចំទស្សនកិច្ចអាជីវកម្មក្រៅប្រទេសសម្រាប់សមាជិក

សមាគមអ្នកសាងសង់កម្ពុជា គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចអាជីវកម្មក្រៅប្រទេសសម្រាប់សមាជិក ក្នុងគោលបំណងស្វែងរកឱកាសអាជីវកម្មបន្ថែម ក៏ដូចជាពង្រីកបណ្តាញទំនាក់ទំនងជាមួយដៃគូអាជីវកម្មបរទេស។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នសមាគមកំពុងធ្វើការចរចាជាមួយដៃគូនៅក្រៅប្រទេស ដោយរំពឹងថានឹងអាចរៀបចំដំណើរទស្សនកិច្ចបាននៅក្នុងឆ្នាំនេះ។

លោក ជីវ ស៊ីវផេង មានប្រសាសន៍ថា ៖ «បច្ចុប្បន្ននេះ ប្រទេសដែលយើងនឹងនាំសមាជិកទៅអាចជាចិន ឬកូរ៉េខាងត្បូង។ ខាងចិន និងកូរ៉េ គឺគេស្វាគមន៍យើង ដូច្នេះគិតថាអាចរៀបចំបានក្នុងឆ្នាំនេះ ប៉ុន្តែចាំមើលឱ្យកូរ៉ួណាស្ងាត់សិន»។

«គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចអាជីវកម្មនេះ គឺដើម្បីជួយសមាជិករបស់យើងស្វែងរកឱកាសអាជីវកម្មបន្ថែមទៀតនៅបរទេស។ ក្រៅពីនេះក៏នឹងជួយពួកគេក្នុងការពង្រឹង និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេទាំងក្នុងនិងក្រៅប្រទេស ស្របពេលដែលវិស័យសំណង់កំពុងតែមានការរីកចម្រើន» លោកបានបន្ត។

ក្នុងដំណាក់កាលនេះ សមាគមអ្នកសាងសង់កម្ពុជាមិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីតម្លៃនៃការចូលរួមនោះទេ ប៉ុន្តែមានតែសមាជិកប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមកម្មវិធីនេះ។

លោក ជីវ ស៊ីវផេង បានបញ្ជាក់ទៀតថា សមាជិកភាគច្រើនពេញចិត្តនឹងនឹងគំនិតផ្តួចផ្តើមនេះ ហើយភាគច្រើនគឺមានឆន្ទៈចង់ចូលរួម។

គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជាង ១៦០ ក្រុមហ៊ុន ។

ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។ សម្រាប់ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី ៣-៥ ខែធ្នូឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

- Video Advertisement -