សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយដើម្បីទប់ស្កាត់ជំងឺកូវី១៩

សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬ​ការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត និងពីស្រុកមួយទៅស្រុកមួយទៀតក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ រយៈពេល ០៧ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី៩​-១៦ ខែមេសា ឆ្នាំ២០២០។ នេះបើ​យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០។

ការដាក់ចេញបទបញ្ជានេះ ត្រូវបានធ្វើឡើងក្រោយពេលសម្ដេចតេជោ ហ៊ុន សែន បញ្ជាតាមរយៈសារជាសំឡេងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដល់មន្រ្តីពាក់ព័ន្ធឱ្យមានការប្រជុំបន្ទាន់ស្តីអំពីការហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅកាន់ខេត្តមួយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ដោយសារតែមានបងប្អូនកម្មករមួយចំនួនហាក់ដូចជាមិនយល់ស្របចំពោះវិធានការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យបំពេញការងារជាធម្មតា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។

សម្ដេចតេជោ បានបញ្ជាក់ថា ៖ «រឿងនេះគឺសំខាន់ណាស់ បើបងប្អូនមិនស្ដាប់ចឹង យើងក៏មិនអាចធ្វើច្បាប់បន្ទាន់ដែរ ចឹងគឺសុំឱ្យមានការយកចិត្តទុកដាក់ និងឆ្លើយតបត្រឡប់មកខ្ញុំវិញ។ ហើយបើផ្តល់យោបល់បានហើយ គឺសុំសម្ដេចក្រឡាហោម និងឯកឧត្តម ប៊ិន ឈិន ធ្វើសេចក្ដីព្រៀងឱ្យខ្ញុំ ដើម្បីចុះហត្ថលេខា ចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរចេញពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅកាន់ខេត្តមួយ។ ហើយ​រថយន្តឈ្នួលទាំងអស់ មិនឱ្យធ្វើដំណើរនៅក្នុងពេលហ្នឹង។ អាហ្នឹងគឺយើងយកវិធានការមួយជាក់លាក់ បើមិនចឹងគឺអន្តរាយស្រុកទេស។»

យ៉ាង​ណាមិញ នៅក្នុងសេចក្តីប្រកាសបទបញ្ជារបស់រដ្ឋាភិបាល ការបិទការធ្វើដំណើរក្នុងប្រទេស មិនមានការប៉ះពាល់ដល់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញនោះទេ។

លោក មាស ព្រឹក្សា នាយករដ្ឋបាល​នៃ​ក្រុមហ៊ុន​សំណង់ លី ឈួង សំណង់ ​មានការគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាលនេះ ក្នុងន័យព្រួយបារម្ភពីសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ និងសំណង់ ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង COVID-19 ដែលកំពុងតែប្រឈមនៅពេលបច្ចុប្បន្ននេះ។

លោកបានលើកឡើងថា ៖ «ក្រោយពេលរដ្ឋាភិបាល តម្រូវឲ្យមន្រ្តីរាជការ និយោជិត កម្មករ ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ក្នុងពិធីបុណ្យចូលឆ្នាំនេះ ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងនិយោជិតកម្មករសំណង់ម្នាក់នៅតាមបណ្តាការដ្ឋាននានាជាច្រើនទាំងរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្ត ក្នុងក្រុមហ៊ុនសំណង់នេះ ខ្ញុំសង្កេតឃើញថា បងប្អូនកម្មករទាំងនោះមិនមានការឯកភាពទាំងស្រុងនោះទេ ដោយពួកគាត់នៅតែចចេសចង់ធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួនទោះបីមានវិធានការកាត់ប្រាក់ខែ ឬបញ្ឈប់យ៉ាងណាក៏ដោយ ដែលបញ្ហានេះធ្វើឲ្យមានហានិភ័យកាន់តែខ្ពស់ចំពោះការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា»។

យោងតាមរបាយការណ៍ របស់ក្រសួងការងារ កម្លាំងពលកម្ម ដែលបម្រើការងារនៅក្នុងកម្ពុជាមានប្រមាណ​៣,៦៩ លាននាក់ក្នុងឆ្នាំ ២០២០។ ចំណែកឯ  កម្មករបម្រើការងារក្នុងវិស័យសំណង់នៅកម្ពុជាមានប្រមាណចន្លោះពី ១៧៥.០០០ ទៅ ២០០.០០០ នាក់ (ទិន្នន័យពីអង្គការ Care)។

សូមបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕ (អានបន្ថែម)

- Video Advertisement -