សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្មែរពូកែនិងឆ្លាតជាងមុនក្នុងវិស័យសំណង់
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវអគារ Vattanac Capital Tower កាលពីថ្ងៃទី ២៦ ឧសភា កន្លងមកនេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានមានប្រសាសន៍ថា បច្ចេកវិទ្យាសំណង់នៅកម្ពុជាបាននិងកំពុងរីកចម្រើននិងឆ្លាតវៃជាងមុន ដែលជាភស្តុតាងបង្ហាញថាឧស្សាហកម្មសំណង់កម្ពុជាកំពុងវិវត្តទៅមុខជាវិជ្ជមាន។
“កាលពីមុនដីមួយហិកតាយើងអាចសង់សំណង់បានត្រឹមតែពី ២០០០ ទៅ ៥០០០ ម៉ែត្រការ៉េតែប៉ុណ្ណោះ។ តែឥឡូវ ដីមិនដល់ ១ ហិកតាផង យើងអាចសង់សំណង់ស្ថាបត្យកម្មបានយ៉ាងហោច ៥ ម៉ឺនម៉ែត្រការ៉េ ឬរហូតទៅដល់ ១២ ម៉ឺនម៉ែត្រការ៉េជាក់ស្តែងដូចជា អគារវឌ្ឍនៈជាដើម” សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍។
“នេះជាភស្តុតាងបង្ហាញថាឧស្សាហកម្មសំណង់កម្ពុជាកំពុងវិវត្តទៅមុខជាវិជ្ជមាន។ ឥឡូវនេះខ្មែរបានរៀនចេះពីរបៀបប្រើប្រាស់ដីធ្លីដោយភាព ឆ្លាតវៃជាងមុនដោយបង្កើតផ្ទៃសំណង់បានច្រើនជាងមុន លើទំហំដីដែលតូច ពោលគឺការសង់អគារខ្ពស់ៗនោះឯង។ នេះហៅថាជាការអភិវឌ្ឍបែបស៊ីជម្រៅ” សម្តេចបានបន្ត។
ទីក្រុងភ្នំពេញបាននិងកំពុងរីកធំទៅៗជាបន្តបន្ទាប់ពីប្រមាណជា ៣០០ គីឡូម៉ែត្រការ៉េ ក្នុងទសវត្សរ៍ ៧០ រហូតដល់ ៦០០ គីឡូម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។ ខណៈពេលដែលទីក្រុងកាន់តែចង្អៀតទៅៗ ការប្រើប្រាស់ដីដោយឆ្លាតវៃក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងអគារគឺមានសារសំខាន់ណាស់។
“ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលខ្មែរអាចធ្វើបានដូច្នេះ។ អគារវឌ្ឍនៈគឺជាភស្តុតាងមួយដែលសឲ្យឃើញពីការអភិវឌ្ឍឥតឈប់ឈរក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែល ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនវឌ្ឍនៈគ្រុបដែលរួមចំណែកក្នុងការអភិវឌ្ឍនេះ” សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឲ្យក្រុមពាណិជ្ជករនិងអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសឲ្យមកវិនិយោគបន្លែមក្នុងប្រទេសកម្ពុជាក្នុងវិស័យនេះ។
គួរបញ្ជាក់ផងដែរថា អគារ Vattanac Capital Tower នេះមានតម្លៃជាង ១០០លាន ដុល្លារដែលបានបញ្ចប់ការសាងសង់ទាំងស្រុងកាលពីឆ្នាំ ២០១២ ហើយក្នុងអគារក៏មានវត្តមានសណ្ឋាគារលំដាប់ផ្កាយប្រាំ Rosewood នៅជាន់ទី៣៩ ផុតគេផងដែរ។


- Video Advertisement -