សម្ដេច ពន្លឿនគម្រោងប្ដូរខ្សែរថភ្លើង ព្រះសីហនុ និងប៉ោយប៉ែតជារថភ្លើងល្បឿនលឿន

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការងារស្វែងរកដៃគូមកវិនិយោគធ្វើទំនើបកម្មរថភ្លើងទាំង ២ខ្សែ នៅកម្ពុជា គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ឱ្យក្លាយជាផ្លូវដែកល្បឿនលឿន។

សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ដោយបញ្ជាក់ថា ក្រៅពីធ្វើឱ្យផ្លូវចាស់ក្លាយជាផ្លូវដែកល្បឿនលឿន កម្ពុជាក៏នឹងសង់ផ្លូវដែកបន្ថែមទៀត ជាច្រើនខ្សែផងដែរ។

សម្តេចតេជោ ថ្លែងថា៖ «ឥឡូវនេះ ប្រព័ន្ធផ្លូវដែកស្រាប់យើង គឺហួសសម័យ ដែលធ្វើដំណើរក្នុងមួយម៉ោងបានត្រឹមតែ២០ គីឡូ ឬ៣០គីឡូ។ ចឹងជំនួសវិញដោយផ្លូវដែកល្បឿនលឿន នៅតាមខេត្តទាំងពីរទិសនេះតែម្តង ជាមួយនឹងការរៀបចំបន្ថែមទៀត ខ្សែរថភ្លើង ក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាង»។

សូមបញ្ជាក់ថា បច្ចុប្បន្ន ខ្សែរថភ្លើងទាំង២ ខ្សែ នេះ ស្ថិតក្រោមការគ្រប់គ្រងក្នុងទម្រង់វិនិយោគសម្បទាន ក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group។

- Video Advertisement -