សម្ដេច ហ៊ុន សែន សម្ពោធប្រើស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវ ៧១C ជាផ្លូវការ

សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ២៣ វិច្ឆិកា នេះបានអញ្ជើញជាអធិបតីភាពបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ក៏ដូចជាបើកការដ្ឋានផ្លូវជាតិលេខ ៧១C ផងដែរ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះមួយទៀតឱ្យស្ពាននេះថា «ស្ពានភ្ជាប់និស្ស័យ» ពោលគឺភ្ជាប់ចំណងមិត្តភាពកម្ពុជា-ចិន ក៏ដូចជាខេត្តត្បូងឃ្មុំ-កំពង់ចាម។

ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប ១១៣១ម៉ែត្រ និង ទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ តភ្ជាប់ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានដោយប្រើរយៈពេលសាងសង់ចំនួន ៤២ខែ និងបានចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក ជាជំនួយរបស់ចិន និងថវិកាបដិភាគរបស់រដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍៖ «ស្ពាននេះនឹងរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋនៅពេលធ្វើដំណើរ ខណៈកាលពីមុនប្រជាពលរដ្ឋនៅតំបន់ត្រូវទៅណាមកណាត្រូវចំណាយថវិកាឆ្លងសាឡាង»។

ដោយឡែក សម្រាប់ផ្លូវ ៧១C វិញ ក៏ត្រូវបានបើកការដ្ឋានជាផ្លូវការហើយដែរ។ ផ្លូវនេះមានប្រវែងសរុប ១១៤,៦២ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ ៣០+៤០០ ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

គម្រោងសាងសង់នេះ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយ ក្រុមហ៊ុន សំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាង ចូវ វ៉ាន អាន ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩,៩៨ លានដុល្លារអាមេរិក។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចក៏បានថ្លែងអំណរអរគុណដល់មហាមិត្តចិនដែលបានផ្តល់ជាហិរញ្ញប្បទានបន្តជួយកសាងហេដ្ឋារចនាសម្ព័ន្ធធំៗដល់កម្ពុជាជាច្រើន។

- Video Advertisement -