សម្តេចតេជោបញ្ជាក់ថា៖ នៅពេលកំពង់ផែរាមសង់រួច នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ក្នុងជំនួបជាមួយឯកឧត្តម អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឯកឧត្តម Akiba Takeo បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបានបន្តថា អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។
ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ជាការឆ្លើយតបសម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងបានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។
សម្តេចតេជោ បានបន្តថា ទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោក ក៏មានភាពកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ។
ជុំវិញនឹងបញ្ហាផែរាមនេះ កន្លងមក កាសែតបរទេសដ៏ល្បីមួយ ធ្លាប់បានបកស្រាយពន្យល់ថា ផែរាម មិនមែនសាងសង់ដើម្បីជាមូលដ្ឋានយោធាចិន ដូចពាក្យចចាមអារាមនោះទេ។ (អានបន្ថែម)
កន្លងទៅថ្មីៗនេះផងដែរ នៅឆ្នេររាម មានគម្រោងសាងសង់ទីលានវាយកូនហ្គោល Bay19 ស្តង់ដារអន្តរជាតិដំបូងគេដែលមានទំហំវិនិយោគ ៤១លានដុល្លារ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ Bay of Lights និងគ្រោងដាក់ឱ្យដំណើរការប្រើប្រាស់នៅត្រីមាសទី៣ ឆ្នាំ២០២៥។ (អានបន្ថែម)
ស្របជាមួយគ្នានេះដែរ តំបន់ឆ្នេរសមុទ្ររាម ក៏ធ្លាប់បានក្រុមហ៊ុន Canopy Sands Development ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holdings Group បានសម្រេចអនុម័តទទួលយកប្លង់មេនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុនសិង្ហបូរី Surbana Jurong។ គម្រោងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដី ៨៣៤ ហិកតា។ (អានបន្ថែម)
- Video Advertisement -