សម្តេចតេជោ ជំរុញឱ្យពង្រឹងគុណភាពសេវាទូរស័ព្ទនិងអ៊ីនធើណែតនៅទូទាំងប្រទេស ជាពិសេសតំបន់ទេសចរណ៍ដាច់ស្រយាល
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនបម្រើសេវាអ៊ីនធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស។
សម្តេចតេជោ បានថ្លែងពីបញ្ហានេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
សម្តេចតេជោបានលើកឡើងថា «….ការពង្រឹងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ដែលទៅលេងនៅតំបន់ដាច់ស្រយាលឆា្ងយៗ ដោយចាំបាច់ត្រូវមានប្រព័ន្ធគាំទ្រខាងសេវាអ៊ីនធើណេត ពីព្រោះជួនកាលគេទៅដេកនៅនោះ [តំបន់ទេសចរណ៍] ប៉ុន្តែគេធ្វើការ ព្រោះសម័យឥឡូវ គេមិនចាំបាច់ជួបមុខគ្នាទេ គេជួបគ្នាតាមតែវីដេអូខលក៏បាន…»។
សម្តេចតេជោបានសង្កត់ធ្ងន់បន្ថែមថា «ចឹង! ចំនុចនេះ ជាចំណុច ដែលខ្ញុំសូមផ្តល់ជាអនុសាសន៍ឱ្យគិតគូរពង្រឹងបន្ថែមទៀត នូវការលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុង»។
បច្ចុប្បន្នបញ្ហាសេវាទូរស័ព្ទ និងអ៊ីនធើណែត កំពុងតែកើតឡើងទាំងក្នុងរាជធានីភំពេញផងដែរ គឺមិនមែនមានតែនៅតាមតំបន់ដាច់ស្រយាលនោះទេ។ កន្លងមក ក្រសួងបានព្រមានដល់ក្រុមហ៊ុនទូរស័ព្ទ និង អ៊ីនធើណេត និងម្ចាស់បុរីជាច្រើនលើកជាច្រើនសារមកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ។
ដោយឡែកថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានដាក់ចេញនូវវិធានការថ្មី ដើម្បីដោះស្រាយបញ្ហាសេវាទូរស័ព្ទ និងសេវាអ៊ិនធើណែតឱ្យបានលឿនបំផុតនៅទូទាំងប្រទេស ដោយបានបង្កើតក្រុមការងារពិសេស ៨ក្រុម សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ។
ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនបើប្រតិបត្តិករណាមួយ ឬម្ចាស់បុរីមិនគោរពតាមវិធានការនេះ ក្រសួងនឹងបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត។
ចុងក្រោយក្រសួង នឹងក៏ជំរុញបន្ថែមលើការផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យា ព្រមទាំងការសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីបង្កើនគុណភាពសេវា។

