សម្តេចហ៊ុនសែនដាក់បញ្ជាឲ្យក្រសួង២រៀបចំច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ
រូបភាពដោយ Facebook Page Samdach Hun Sen
ក្នុងគោលបំណងកសាងទីក្រុងស្អាត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ បានដាក់បញ្ជាឲ្យក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការរៀបចំបង្កើតច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ។
ថ្លែងក្នុងវេទិកាជាតិទីក្រុងស្អាតលើកទី ៧នៅឯសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ខ្ញុំសូមឲ្យក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការគ្នារៀបចំច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះ ចរាចរណ៍ក្នុងទីក្រុង»។
ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ហ៊ុនសែន ក៏បានស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធានាថាទីក្រុងរបស់ខ្លួនមានសណ្ដាប់ធ្នាប់ល្អ មានចំណតយានយន្តត្រឹមត្រូវ និងមានចិញ្ចើមផ្លូវសម្រាប់សម្រួលដល់ការធ្វើដំណើរ។
គួររម្លឹកថា កាលពីខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានចេញសេចក្តីសម្រេចស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្មចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយានទូទាំងរាជធានី-ខេត្ត ដើម្បីធានាបាននូវសុវត្ថិភាពនិងភាពងាយស្រួលនៃការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋជាពិសេសជនពិការ។

