សម្តេចហ៊ុន សែន៖ បញ្ជាឱ្យយកអគារសាលារៀន ធ្វើជាកន្លែងព្យាបាលជំងឺឆ្លងកូវីដ១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឱ្យអភិបាលខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ដែលជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ តាមរដ្ឋបាលខេត្តនីមួយៗរបស់ខ្លួន កំណត់យកសាលារៀន សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩។
វិធានការបន្ទាន់នេះ ត្រូវបានធ្វើឡើងភ្លាមៗ ដោយសម្តេចនាយករដ្ឋមន្រ្តី បន្ទាប់ពីការផ្សព្វផ្សាយព័ត៌មានអំពីករណី ជនជាតិបារាំងចំនួន ២៩នាក់ និងជនជាតិខ្មែរចំនួន ២នាក់ បានឆ្លងមេរោគកូវីដ ១៩ នៅខេត្តព្រះសីហនុ។ តួលេខនេះ យោងតាមការធ្វើបច្ចុប្បន្នភាពពីក្រសួងសុខាភិបាលនៅថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២០ ។
សម្តេចបានលើកឡើងថា “ដោយសារចំនួនអ្នកជំងឺមានការកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម ហេតុនេះក្រោយពីបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយបានកំណត់យកសាលារៀនមួយ ឬពីរ…មកប្រើប្រាស់ជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។” នេះជាសារលើកឡើងរបស់សម្តេចនៅក្នុងសារតាមតេឡេក្រាមកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
សម្តេចបញ្ជាបន្ថែមថា “ជាកិច្ចការបន្ទាន់ដែលរដ្ឋបាលខេត្តនីមួយៗត្រូវតែយកចិត្តទុកដាក់។ សាលារៀនដែលបានកំណត់ត្រូវរៀបចំបន្ទប់ និងដាក់គ្រែឱ្យបានស្អាតសម្រាប់ដាក់អ្នកជំងឺ ហើយហើយត្រូវតែភ្ជាប់ប្រព័ន្ធទឹក នឹងភ្លើងឱ្យចូលដល់តែម្តង។ រដ្ឋបាលខេត្តនីមួយៗ ត្រូវប្រើប្រាស់កម្លាំងទាំងអស់ដែលខ្លួនមានដូចជា កម្លាំងប៉ូលីស កម្លាំងទាហាន កម្លាំងប៉េអឹម ដើម្បីសម្រុកដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។”
សម្តេចបន្តថា “ដោយឡែកនៅរាជធានីភ្នំពេញមិនជាចំណោទបញ្ហាទេ ពីព្រោះយើងមានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អគារនៅចាក់អង្រែ មន្ទីរពេទ្យយោធា និងសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អ៊ិនធើខន) រួចហើយ។”(អានបន្ថែម)
សូមរម្លឹកថា កាលពីជាងមួយអាទិត្យមុន វិធានការស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅលើកប៉ាល់ពេជ្រព្រីនរីសត ដែលត្រូវបានប្រើប្រាស់ជាកន្លែងចត្តាឡីស័ក (Quarantine) សម្រាប់ដាក់អ្នកជំងឺដាច់ដោយឡែក។ ដោយមិននឹកស្មានដល់ ស្រាប់តែការឆ្លងវីរុសនៅក្នុងកប៉ាល់ បានកើនឡើងពី ១០ ទៅ ៦០០ ករណី ក្នុងរយៈពេល ២ សប្តាហ៍។ ក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថា ការរីករាលដាលនេះគឺដោយសារតែប្រព័ន្ធម៉ាស៊ីនត្រជាក់របស់នាវាទេសចរណ៍នេះ។
ផ្អែកលើបទពិសោធន៍នេះ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គឺមានវិធានការធានាថា ការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងសាលារៀន និងអគារដែលបានកំណត់ជាទីតាំងដាក់អ្នកជំងឺ នឹងមិនចម្លងមេរោគបន្តទៀត ដោយសារសំណើមខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់៕ (អានបន្ថែម)

