សម្តេច ហ៊ុន សែន៖ ហាមសាងសង់អគារខ្ពស់ជាង៣ជាន់នៅតាមឆ្នេរកោះ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់អនុសាសន៍ដល់ក្រសួងជំនាញដែលពាក់ព័ន្ឋទាំងអស់ អោយអនុវត្តគោលការណ៍ហាមមិនអោយក្រុមហ៊ុនវិនិយោគសាងសង់អគារខ្ពស់ជាង ៣ជាន់នៅតាមឆ្នេរកោះរុងក៏ដូចជាតាមឆ្នេរកោះដទៃទៀតទាំងអស់ទូទាំងប្រទេសកម្ពុជា។
ប្រសាសន៍នេះបានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដាក់សម្ពោធសណ្ឋាគារ The Royal Sands Koh Rong កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះ។
លើសពីនេះទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ៖ “កោះរុង និងកោះដទៃទៀតនៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជននោះទេ។ ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់សិទ្ឋិអោយទៅក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍន៍លើតំបន់នេះអោយក្លាយទៅជាតំបន់ទេចរណ៍ ក្នុងនោះដែរការវិយោគទាំងអស់ត្រូវអនុវត្តន៍តាមរយៈពេលដែលបានកំណត់”។
កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនបានទទួលសិទ្ឋិវិនិយោគ ប៉ុន្តែមិនបានធ្វើអ្វីទាំងអស់ ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាទៅអោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសើរើពិនិត្យ នឹងដកហូតយកមកវិញ ព្រោះសព្វថ្ងៃគឺមានក្រុមហ៊ុនមួយចំនួនដែលបានសិទ្ឋិទទួលអាជ្ញាប័ណ្ណវិនិយោគពីរដ្ឋ ប៉ុន្តែមិនបានធ្វើ ហើយបានយកទៅលក់អោយក្រុមហ៊ុនដទៃដែលខុសនឹងច្បាប់រដ្ឋ។
នៅថ្ងៃនេះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់សង្កត់ធ្ងន់ៗទៅកាន់អ្នកមានអំណោច និងអ្នកមានទ្រព្យមួយចំនួនដែលកន្លងមកតែងតែមកកាងកាន់កាប់ និងទន្ទ្រានយកដីរដ្ឋមួយចំនួននៅតំបន់កោះរុងនេះ គឺត្រូវតែដកខ្លួនចេញជាបន្ទាន់។ ពួកអ្នកមកទន្រ្ទាន គឺភាគច្រើនមិនមែនរស់នៅកោះរុងនោះទេ គឺមួយចំនួនរស់នៅឯក្រុងភ្នំពេញ ឬកន្លែងផ្សេងៗទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាអោយអភិបាលខេត្តពិនិត្យនិងបញ្ឈប់ការកាប់ឈើទន្ទ្រានយកដី ឬយកឈើលក់ខុសច្បាប់ គឺត្រូវតែឈប់ជាបន្ទាន់។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់និងបញ្ជាអោយក្រសួងរៀបចំដែនដីពិនិត្យដោះស្រាយក្បាលដីចំនួន៥៨៤ ជូនប្រជាពលរដ្ឋអោយបានត្រឹមត្រូវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សំណូមពរអោយប្រជាពលរដ្ឋទាំងអស់ដែលរស់នៅកោះរុងនេះទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍នានា ដើម្បីថែរក្សា និងអភិវឌ្ឍន៍កោះរុងនេះអោយកាន់តែមានភាពស្រស់បំព្រងបន្ថែមទៀត។ ផ្ទៃដីដែលប្រគល់ជូនគឺពលរដ្ឋអាចអាស្រ័យផល និងរស់នៅបាន ប៉ុន្តែពុំមានសិទ្ឋិចាត់ចែងឡើយ។
នៅក្នុងដំណើររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអញ្ជើញមកកាន់ទឹកដីកោះរុងថ្ងៃនេះគឺបានបិទបញ្ចប់ជម្លោះដីធ្លីនៅទីនេះទាំងស្រុង និងបានបញ្ចប់អំពើកាប់ឈើល្មើសច្បាប់ទាំងស្រុង ព្រមទាំងដកយកកោះដែលជាសម្បត្តិរបស់រដ្ឋទាំំងអស់ត្រឡប់មកវិញពីក្រុមហ៊ុននានាដែលបានទទួលអាជ្ញាប័ណ្ណវិនិយោគ ប៉ុន្តែពួកគេមិនបានធ្វើអ្វីទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា នឹងគ្មានការទូទាត់សងនូវប្រាក់កក់វិញ និងការខូចខាតអ្វីឡើយ។

- Video Advertisement -