ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ញើញជាអធិបតីភាពបើកការដ្ឋានគម្រោងសាងសង់ផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប នៅថ្ងៃទី ១៦ វិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាង សម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា កន្លងមកនេះ។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ន ការងារចាំបាច់មួយចំនួន ដូចជាការរុះរើសំណង់ដែលបំពានដីរដ្ឋត្រូវបានសម្រេចរួច។
លើសពីនេះ ក្រុមការងារបានចុះពិនិត្យលក្ខណៈបច្ចេកទេសផ្លូវរួចរាល់ បានពិនិត្យជ្រើសរើសផ្លូវអាទិភាពប្រវែងសរុបចំនួន១០៨ គម បានពិភាក្សាលម្អិតជាមួយអង្គភាពទទួលសាងសង់ បានធ្វើបញ្ជីប៉ាន់តម្លៃចប់សព្វគ្រប់ និងបានប្រគល់ជូនអង្គភាពសាងសង់រួចរាល់ហើយផងដែរ។
កិច្ចប្រជុំបានឱ្យដឹងទៀតថា ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះត្រូវបានបែងចែកជា ៤ ប្រភេទរួមមាន៖
-ប្រភេទទី១៖ ចាក់បេតុងចំនួន២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ
ប្រភេទទី២៖ ចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទីម៉ែត្រ យោងតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន
ប្រភេទទី៣៖ ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង
ប្រភេទទី៤៖ អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។
អង្គភាពដែលទទួលយកការងារសាងសង់រួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប។
ក្រៅពីនេះនឹងមានក្រុមការងារបច្ចេកទេសចំនួន៨កងទៀតប្រចាំការនៅខេត្តសៀមរាប ដើម្បីតាមដាន និងធ្វើរបាយការណ៍អំពីដំណើរការសាងសង់ ថាតើបានអនុវត្តស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកដែរឬយ៉ាងណា ក្នុងករណីអង្គភាពសាងសង់មិនគោរពតាមបទដ្ឋានបច្ចេកទេស នោះនឹងមិនត្រូវបានទូទាត់ប្រាក់ជូនឡើយ។
គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណជាង ៩៨ គម ហើយនឹងត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី ៤ កញ្ញានេះ។ (អានបន្ថែម)