សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងបង្កើតឡើងសម្រាប់ភ្ញៀវទេសចរណ៍ ឬយោធាចិន?

រូបភាពពី South China Morning Post

សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយអត្ថបទវិភាគមួយក្រោមចំណងជើងថា Is Cambodia’s Koh Kong project for Chinese tourists – or China’s military? ឬជាភាសាខ្មែរ «តើគម្រោងនៅខេត្តកោះកុងធ្វើឡើងដើម្បីទទួលភ្ញៀវទេសចរណ៍ចិន ឬ ទាហានចិន?»។ អត្ថបទវិភាគមួយនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនិងពេញនិយមសម្រាប់អ្នកអានទាំងក្នុងនិងក្រៅស្រុក ដោយអ្នកអានទាំងអស់បានកើតជាចម្ងល់មួយដូចគ្នាថា តើរឿងនេះពិតមែនឬយ៉ាងណា?

គម្រោងនៅខេត្តកោះកុងដែលសារព័ត៌មាន SCMP សំដៅលើ គឺតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ដែលកំពុងតែអភិវឌ្ឍដោយក្រុមហ៊ុនឯកជនរបស់ចិន Union Development ក្រោមទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ នៃខេត្តកោះកុង។

រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានដល់ក្រុមហ៊ុននេះរយៈពេល ៩៩ ឆ្នាំក្នុងការប្រែក្លាយផ្ទៃដីសរុបទំហំ ៤៥.០០០ហិកតា ឬស្មើនឹង ២០ភាគរយ នៃឆ្នេរសមុទ្ររបស់កម្ពុជា ឲ្យទៅជាតំបន់ទេសចរណ៍ចម្រុះដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គិតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះបានបោះទុនវិនិយោគជាង ១.៥០០លានដុល្លារអាមេរិក ហើយលើគម្រោងនេះ។

ដោយសារតែភាពដ៏ធំមហិមានៃគម្រោងនេះ អ្នកវិភាគតាមរយៈ SCMP មានមន្ទិលសង្ស័យថា គម្រោងនេះគឺធំនិងល្អលើសពីធម្មតាសម្រាប់ទទួលភ្ងៀវទេសចរណ៍ ប៉ុន្តែជាក់ស្តែងវាធំខ្លាំងហាក់បីដូចជាសម្រាប់ត្រៀមទទួលយោធាចិនទៅវិញ។

ការលើកឡើងនេះគឺយោងតាមភស្តុតាងពីរូបភាពផ្កាយរណបពីទីភ្នាក់ងារអវកាសអឺរ៉ុប ដែលបានបង្ហាញថាផ្លូវចតយន្តហោះក្នុងព្រលានយន្តហោះដែលស្ថិតក្នុងគម្រោងនេះ គឺវែងនិងធំជាងផ្លូវយន្តហោះស៊ីវិលធម្មតាទៅទៀត។

លោក Gregory Poling នាយកនៃ Asia Maritime Transparency Initiative នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ បានមានប្រសាសន៍ថា៖ «ផ្លូវនេះមានប្រវែងប្រមាណ ៣៤០០ ម៉ែត្រ ដែលធំជាងព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅទៀត ពោលគឺអាចផ្ទុកយន្តហោះរបស់កងអាកាសចិនបាន»។

ប្រភពដដែលក៏បានបង្ហាញភស្តុតាងសំខាន់មួយទៀតដើម្បីគាំទ្រអំណះអំណាងខាងលើនេះ គឺសំដីរបស់លោក Paul Chambers អ្នកវិភាគប្រចាំតំបន់នៅសាកលវិទ្យាល័យ Naresuan ដែលបានប្រាប់ This Week in Asia ថាមន្រ្តីកម្ពុជាជាន់ខ្ពស់សុំមិនបញ្ចេញឈ្មោះម្នាក់បានទទួលស្គាល់ដោយផ្ទាល់ថា រដ្ឋាភិបាលកំពុងពិចារណាលើការអនុម័តមូលដ្ឋានកងទ័ពជើងទឹកចិននៅទីនោះពិតមែន។

លើសពីនេះ អ្នកវិភាគក៏បានសង្កេតឃើញថា គម្រោងតារាសាគរនេះគឺអាចនឹងមានរដ្ឋាភិបាលចិននៅពីក្រោយ ដោយកាលពីថ្ងៃដែលក្រុមហ៊ុន Union Development ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលកម្ពុជា គឺមិនត្រឹមតែមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនចូលរួមនោះទេ ប៉ុន្តែមាន លោក Zhang Gaoli ដែលជាអតីតអនុប្រធានាធិបតីនៃប្រទេសចិននិងជាប្រធានគម្រោង Belt and Road Initiative ឬគម្រោងការផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ ក៏បានចូលរួមផងដែរ។

ជាងនេះទៅទៀត គម្រោងនេះក៏បានទទួលការធ្វើទស្សនកិច្ចជាច្រើនផងដែរពីបុគ្គលសំខាន់ៗជាច្រើនផ្សេងទៀតពីប្រទេសចិន រួមមានលោក Wang Qinmin អនុប្រធាននៃសន្និបាតពិគ្រោះយោបល់នយោបាយចិនជាដើម។

ភស្តុតាងមួយទៀតដែល SCMP បានលើកឡើងគឺ រយៈពេលសម្បទានដី ៩៩ ឆ្នាំ ដែលយូរលើសពីធម្មតា។ អ្នកជំនាញមួយចំនួនបានព្យាករណ៍ថាប្រទេសចិនអាចនឹងមានផែនការយកដីនេះជាកម្មសិទ្ធិអចិន្រ្តៃយ៍។

លោក Chambers បាននិយាយថា សម្បទានដីនេះគួរឲ្យសង្ស័យ ដោយសារដីនេះគឺធំជាងបីដងនៃទំហំអតិបរមារបស់ដីសម្បទានដែលចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

គួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត អ្នកវិភាគក៏បានប្រៀបធៀបរឿងនេះទៅនឹងហេតុការណ៍នៅប្រទេសស្រីលង្កា ដែលបានប្រគល់កំពង់ផែ Hambantota របស់ខ្លួនទៅកាន់ប្រទេសចិនលើកិច្ចសន្យារយៈពេល ៩៩ឆ្នាំ បន្ទាប់ពីខ្លួនមិនអាចសងបំណុលទៅឲ្យប្រទេសចិនដែលបានផ្តល់ហិរញ្ញវត្ថុដល់ការសាងសង់។

ជុំវិញបញ្ហានេះដែរ សារព័ត៌មាន SCMP ក៏បានទាក់ទងទៅកាន់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដែលលោកបានមានប្រសាសន៍ថា លោកមិនដឹងថារដ្ឋាភិបាលកម្ពុជាគ្រោងនឹងធ្វើអ្វីលើគម្រោងនេះទេ។

របាយការណ៍នេះ ក៏បានលើកយកប្រសាសន៍របស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា៖ គ្មានកងទ័ពបរទេសណាដែលនឹងត្រូវឈរជើងនៅកម្ពុជាទេ លុះត្រាតែពួកគេជាផ្នែកមួយនៃបេសកកម្មអង្គការសហប្រជាជាតិ។

យ៉ាងណាក្ដី ព័ត៌មានខាងលើនេះ គ្រាន់តែជាការវិភាគរបស់សារព័ត៌មានបរទេសតែប៉ុណ្ណោះ ដោយពុំមានឯកសារផ្លូវការជាក់លាក់ ឬការឲ្យដឹងពីរដ្ឋាភិបាលទាំងពីរនោះទេ។

- Video Advertisement -