សារៈសំខាន់នៃបញ្ញត្តិស្តីពីការដោះស្រាយវិវាទនៅក្នុងកិច្ចសន្យាសាងសង់

គូភាគីដែលចុះកិច្ចសន្យាសាងសង់ជាទូទៅមិនបានយកចិត្តទុកដាក់លើបញ្ញត្តិស្តីពីការដោះស្រាយវិវាទនៅក្នុងកិច្ចសន្យារបស់ខ្លួននោះទេ។ ទោះជាយ៉ាងណា ការព្រាងបញ្ញត្តិនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះថាវាអាចមានឥទ្ធិពលយ៉ាងខ្លាំងលើការអនុវត្តសាលក្រម ឬសេចក្តីសម្រេចនៅក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងឧស្សាហកម្មសំណង់ដោយមានការអភិវឌ្ឍគម្រោងអន្តរជាតិដែលប្រកបដោយភាពស្មុគស្មាញនិងច្នៃប្រឌីតជាច្រើននៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើការរីកចម្រើននេះ គេត្រូវកត់សម្គាល់ថាឧស្សាហកម្មសំណង់តែងតែត្រូវបានចាត់ទុកថាជាឧស្សាហកម្មមួយដែលងាយមានវិវាទបំផុតដោយសារតែភាពស្មុគស្មាញ និងរយៈពេលដ៏វែងនៃគម្រោងសាងសង់ និងចំនួននៃភាគីពាក់ព័ន្ធ។

ដូច្នេះ ជាទូទៅគូភាគីដាក់បញ្ចូលនូវបញ្ញត្តិស្តីពីការដោះស្រាយវិវាទនៅក្នុងកិច្ចសន្យាសាងសង់របស់ខ្លួន ស្របតាមអ្វីដែលគូភាគីបានកំណត់ជាយន្តការនៃការដោះស្រាយវិវាទរបស់ខ្លួន។ ពួកគេមានសិទ្ធិជ្រើសរើសយករវាង (១) ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការដែលអនុវត្តជាទូទៅ (២) ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែល រួមមាន មជ្ឈត្តកម្មក្នុងស្រុក ឬមជ្ឈត្តកម្មអន្តរជាតិ។

ថ្មីៗនេះយើងបានមើលឃើញថា គូភាគីជាច្រើនស្ទាក់ស្ទើរក្នុងការជ្រើសរើសតុលាការកម្ពុជាដើម្បីដោះស្រាយវិវាទរបស់ពួកគេ ហើយជាទូទៅពួកគេដាក់បញ្ជូនវិវាទរបស់ខ្លួនទៅកាន់តុលាការបរទេស ឬមជ្ឈត្តកម្មក្នុងស្រុក ឬមជ្ឈត្តកម្មបរទេសដើម្បីដោះស្រាយ។ ក្នុងករណីបែបនេះ មានការផ្តល់អនុសាសន៍ថា គូភាគីគួរតែពិនិត្យជាមុនសិនថាតើតុលាការ ឬមជ្ឈត្តកម្មអាចដោះស្រាយផ្នែកច្បាប់ដែលគ្រប់គ្រងលើកិច្ចសន្យានោះឬទេ និងថាតើបញ្ញត្តិស្តីពីការដោះស្រាយវិវាទនោះមានសុពលភាពនៅក្រោមច្បាប់នោះដែរឬទេ។

ជាមួយគ្នានេះ ប្រសិនបើគូភាគីមានសិទ្ធិក្នុងការជ្រើសរើសតុលាការបរទេសដើម្បីដោះស្រាយវិវាទរបស់ខ្លួននោះ សិទ្ធិជ្រើសរើសនេះអាចមានឥទ្ធិពលលើឱកាសរបស់ពួកគេក្នុងការទទួលសាលក្រមស្ថាពររបស់តុលាការបរទេសដែលអាចអនុវត្តបាននៅក្នុងប្រទេសកម្ពុជា។

ជាការពិតណាស់ ដើម្បីឲ្យសាលក្រមស្ថាពររបស់តុលាការបរទេសអាចអនុវត្តបាននៅក្នុងប្រទេសកម្ពុជា មានល័ក្ខខ័ណ្ឌជាច្រើនដែលត្រូវបំពេញ។

យោងមាត្រា ១៩៩ នៃក្រមនីតិវិធីរដ្ឋប្បវេណី «សាលក្រមស្ថាពររបស់តុលាការបរទេសត្រូវមានអានុភាព លុះត្រាតែបានបំពេញល័ក្ខខ័ណ្ឌទាំងអស់ដូចខាងក្រោមនេះ៖

-បើសិទ្ធិជម្រះក្តីរបស់តុលាការបរទេសត្រូវបានទទួលស្គាល់ដោយច្បាប់ ឬសន្ធិសញ្ញា ឬអនុសញ្ញា។
-បើចុងចម្លើយដែលចាញ់ក្តី បានទទួលការបញ្ជូនដីកាកោះហៅ ឬដីកាបង្គាប់ដែលចាំបាច់ដើម្បីចាប់ផ្តើមនីតិវិធី ឬមិនបានទទួលទេតែបានឆ្លើយដោះសារតបចំពោះបណ្តឹងនោះ។
-បើខ្លឹមសារនៃសាលក្រម និងនីតិវិធីនៃបណ្តឹងនោះ មិនប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ឬទំនៀមទម្លាប់ល្អនៃព្រះរាជាណាចក្រកម្ពុជា។
-បើមានការធានាទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជានិងបរទេសដែលតុលាការនោះស្ថិតនៅ។

ក្នុងចំណោមល័ក្ខខ័ណ្ឌទាំង៤នេះ ល័ក្ខខ័ណ្ឌចុងក្រោយដែលទាក់ទងនឹងការធានាទៅវិញទៅមក គឺជាល័ក្ខខ័ណ្ឌដែលពិបាកនឹងបំពេញបំផុត ដោយមកដល់ពេលបច្ចុប្បន្ន កម្ពុជាមិនទាន់បានបង្កើតសន្ធិសញ្ញាទ្វេភាគីណាមួយស្តីពីការទទួលស្គាល់សាលក្រមតុលាការបរទេសលើរឿងក្តីរដ្ឋប្បវេណី លើកលែងតែកិច្ចព្រមព្រៀងស្តីពីជំនួយផ្នែកតុលាការទៅវិញទៅមកក្នុងរឿងក្តីរដ្ឋប្បវេណី ដែលបានចូលជាធរមានរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣។

ដូចនេះ លើកលែងតែសាលក្រមស្ថាពរបរទេសដែលប្រកាសដោយតុលាការវៀតណាម តុលាការកម្ពុជាមិនទទួលស្គាល់និងអនុវត្តសាលក្រមបរទេសណាឡើយ ប្រសិនបើល័ក្ខខ័ណ្ឌស្តីពីការធានាទៅវិញទៅមកមិនត្រូវបានបំពេញ។ យើងមិនបានដឹងពីសាលក្រមបរទេសដែលត្រូវបានទទួលស្គាល់និងអនុវត្ត ឬមិនត្រូវបានទទួលស្គាល់និងអនុវត្តដោយតុលាការកម្ពុជានោះទេ។ ដូចនេះ យើងសូមផ្តល់អនុសាសន៍ថា ជំនួសឲ្យការជ្រើសរើសតុលាការបរទេស គូភាគីគួរជ្រើសយកមជ្ឈត្តកម្មក្នុងស្រុក ឬមជ្ឈត្តកម្មអន្តរជាតិ ប្រសិនបើពួកគេមិនចង់ឲ្យតុលាការកម្ពុជាដោះស្រាយវិវាទរបស់ខ្លួន។

ប្រទេសកម្ពុជាបានអនុម័តច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មក្នុងឆ្នាំ២០០៦ ហើយបានបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC) ដើម្បីផ្តល់ឲ្យគូភាគីនូវដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ NCAC បានពិនិត្យដោះស្រាយរឿងក្តីជាច្រើនចាប់តាំងពីបានបង្កើតឡើង។

ប្រទេសកម្ពុជាក៏ជាភាគីនៃអនុសញ្ញាទីក្រុងញូវយ៉កស្តីពីការទទួលស្គាល់ និងការប្រតិបត្តិសេចក្តីសម្រេចមជ្ឈត្តករបរទេសផងដែរ។

ដូចនេះ សេចក្តីសម្រេចមជ្ឈត្តករក្នុងស្រុកឬបរទេស សុទ្ធតែអាចត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងករណីនេះ តុលាការកំពូលកម្ពុជាបានបញ្ជាក់ទទួលស្គាល់នៅខែមីនា ឆ្នាំ២០១៤ លើសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍កម្ពុជាដែលបានសម្រេចគាំទ្រការទទួលស្គាល់និងការប្រតិបត្តិសេចក្តីសម្រេចមជ្ឈត្តករ ដែលចេញដោយក្រុមប្រឹក្សាមជ្ឈត្តការពាណិជ្ជកម្មកូរ៉េ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ចំណុចនេះអាចបង្ហាញពីភាពជោគជ័យនៃមជ្ឈត្តកម្មនៅក្នុងវិស័យសំណង់។ បទដ្ឋានអន្តរជាតិនៃកិច្ចសន្យាដែលបានព្រាងដោយ FIDIC ក៏រួមបញ្ចូលនូវបញ្ញត្តិស្តីពីមជ្ឈត្តកម្មផងដែរ បន្ថែមលើនីតិវិធីផ្សេងៗមុនឈានទៅដល់មជ្ឈត្តកម្ម (ឧទាហរណ៍ ក្រុមប្រឹក្សាកាត់សេចក្តីវិវាទ) ។

លើសពីនេះទៀត វាក៏មានសារៈសំខាន់ផងដែរសម្រាប់គូភាគីក្នុងការសម្របសម្រួលដាក់បញ្ចូលបញ្ញត្តិស្តីពីការដោះស្រាយវិវាទនៅក្នុងកិច្ចសន្យាសាងសង់របស់ខ្លួន និងពិនិត្យមើលថារាល់បញ្ញត្តិស្តីការដោះស្រាយវិវាទនៃកិច្ចសន្យាទាំងអស់សម្រាប់គម្រោងមួយ មានលក្ខណៈដូចគ្នា។

ជាការពិត នៅពេលការខូចខាតកើតឡើងនៅការដ្ឋានសំណង់មួយ វាអាចមានជាប់ទាក់ទងជាមួយភាគីជាច្រើនដូចជា ភាគីម្ចាស់ ភាគីក្រុមហ៊ុនម៉ៅការចម្បង ភាគីអ្នកម៉ៅការបន្ត វិស្វករ ឬអ្នកពិគ្រោះយោបល់។ ដូច្នេះវានឹងមានការលំបាកយ៉ាងខ្លាំងប្រសិនបើបញ្ញត្តិស្តីពីការដោះស្រាយវិវាទមិនស៊ីគ្នាឬមិនដូចគ្នា និងប្រសិនបើកិច្ចសន្យាមួយកំណត់ឲ្យតុលាការកម្ពុជាមានសិទ្ធិកាត់សេចក្តី កិច្ចសន្យាមួយទៀតកំណត់ឲ្យតុលាការបរទេស ហើយកិច្ចសន្យាមួយទៀតកំណត់ឲ្យកាត់សេចក្តីតាមមជ្ឈត្តកម្ម។ ក្នុងករណីបែបនេះ គូភាគីនឹងត្រូវប្រឈមដោះស្រាយនឹងបញ្ហានីតិវិធីច្បាប់ផ្សេងៗគ្នា ដែលនេះនឹងបង្កើនថ្លៃសេវាផ្នែកច្បាប់ និងថ្លៃចំណាយ ព្រមទាំងកាត់បន្ថយនូវឱកាសទទួលបានជោគជ័យក្នុងនីតិវិធី ហើយអាចនាំឲ្យមានសេចក្តីសម្រេចផ្ទុយគ្នា។ ដូចនេះ គូភាគីត្រូវពិនិត្យឡើងវិញនូវកិច្ចសន្យាសាងសង់របស់ខ្លួនថាតើបញ្ញត្តិស្តីពីការដោះស្រាយវិវាទស៊ីគ្នា ឬដូចគ្នាដែរឬទេ។

ជាការសន្និដ្ឋាន សូមធ្វើការណែនាំឱ្យពិនិត្យដោយយកចិត្តទុកដាក់លើបញ្ញត្តិស្តីពីការដោះស្រាយវិវាទនៅពេលព្រាង ឬចចារលើកិច្ចសន្យាសាងសង់ ដើម្បីជ្រើសរើសយកយន្តការដោះស្រាយវិវាទដែលមានការអនុវត្តច្រើន និងអាចអនុវត្តបាន។

អំពីអ្នកនិពន្ធ

លោក Charles AMAR អ្នកគ្រប់គ្រងនៅ Bun & Associates មានបទពិសោធន៍យ៉ាងច្រើនក្នុងគ្រប់ ទិដ្ឋភាពនៃច្បាប់ពាក់ព័ន្ធនឹងអចលនទ្រព្យ ដោយផ្តោតជាពិសេសលើបញ្ហាដែលទាក់ទងទៅនឹងការវិនិយោគអចលនទ្រព្យ ការអភិវឌ្ឍគម្រោង ការសាងសង់ និងការគ្រប់គ្រងទ្រព្យសម្បត្តិ។ លោកបានផ្តល់ប្រឹក្សាដល់អតិថិជនក្នុងស្រុកនិងបរទេស ដែលស្វែងរកដំបូន្មានពីអ្នកជំនាញ និងដំណោះស្រាយថ្មីៗសម្រាប់ការធ្វើប្រតិបត្តិការដែលសំខាន់ៗនិងស្មុគស្មាញ និងដែលពាក់ព័ន្ធនឹងអចលនទ្រព្យដើម និងអចលនទ្រព្យអភិវឌ្ឍន៍។

គម្រោងរបស់លោកពាក់ព័ន្ធនឹងអចលនទ្រព្យគ្រប់ប្រភេទដូចជា លំនៅដ្ឋាន (បូរី ខុនដូ) ការិយាល័យធ្វើការ ផ្សារទំនើប សណ្ឋាគារ ឃ្លាំង សួនឧស្សាហកម្ម និងចំណតរថយន្ត។ ក្រុមការងារអចលនទ្រព្យរបស់ Bun & Associates ក៏មានជំនាញនិងបទពិសោធន៍ក្នុងការផ្តល់ប្រឹក្សាដល់អតិថិជនទាក់ទងនឹងបញ្ហាដីសម្បទានសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ចពិសេស កសិកម្ម បរិស្ថាន និងរ៉ែ ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈ៖

Bun & Associates
អគារលេខ 29 ផ្លូវលេខ 294 រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ប្រអប់សំបុត្រ 2326 ទូរស័ព្ទ៖ +855 23 999 567 ទូរសារ៖ +855 23 999 566
អ៊ីម៉ែល៖ amar@bun-associates.com | គេហទំព័រ៖ www.bun-associates.com

ការចុះផ្សាយនេះគឺគ្រាន់តែជាព័ត៌មានសម្រាប់លោកអ្នកប៉ុណ្ណោះ ដោយមិនមានចេតនាធ្វើឱ្យមានលក្ខណៈទូលំទូលាយ មិនបង្កើតអានុភាព និងមិនអាចសំអាងយកមកធ្វើជាដំបូន្មានផ្នែកច្បាប់ឡើយ។ លោកអ្នកត្រូវស្វែងរកដំបូន្មានជាក់លាក់ស្របតាមកាលៈទេសៈរបស់លោកអ្នក។ រាល់ការប្រើប្រាស់ព័ត៌មានដែលមាននៅក្នុងអត្ថបទនេះ ឬការទទួលយកអត្ថបទនេះ គឺមិនមានបំណងបង្កើត ឬមិនបានបង្កើតទំនាក់ទំនងមេធាវីនិងកូនក្តីរវាងលោកអ្នក និង Bun & Associates ឡើយ។ លុះត្រាតែមានការចង្អុលបង្ហាញផ្សេងពីនេះ Bun & Associates ជាម្ចាស់កម្មសិទ្ធិបញ្ញានៃអត្ថបទនេះ។ ប្រសិនបើអ្នកផលិតឡើងវិញ ឬ ប្រើអត្ថបទនេះ ឬផ្នែកណាមួយនៃអត្ថបទនេះ ក្នុងមធ្យោបាយណាមួយក៏ដោយ អ្នកត្រូវសុំការយល់ព្រមសម្រាប់ការប្រើប្រាស់នោះតាមការចាំបាច់។

- Video Advertisement -