សាលាក្រុងនឹងររុះរើខ្សែកាប្លិ៍នៅតាមបណ្ដោយផ្លូវសំខាន់ៗ ២ ខ្សែ ដើម្បីលើកសោភ័ណភាពក្រុង

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាឱ្យរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍លើអាកាសនៅតាមដងផ្លូវសំខាន់ៗចំនួន ២ ដើម្បីលើកម្ពស់សោភ័ណភាពរាជធានីឱ្យកាន់តែប្រសើរឡើង ។

យោងតាមលិខិតរបស់ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៦ ខែកញ្ញា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសណ្តាប់ធ្នាប់តាមវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវ៩៨ និងវិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីផ្លូវលេខ១៩ ដល់វិថីព្រះស៊ីសុវត្ថិ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ដែលពាក់ព័ន្ធ ប្រញាប់រុះរើចេញក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

បណ្តាញខ្សែកាប្លិ៍អាកាសនៅតាមដងផ្លូវ ភាគច្រើនខ្សែកាប្លិ៍ទូរទស្សន៍ ខ្សែកាប្លិ៍អិនធើណេត និងខ្សែបណ្តាញទូរស័ព្ទអចល័ត ជាដើម។

- Video Advertisement -