សិង្ហបុរីកំពុងចាប់អារម្មណ៍ជួយកម្ពុជាកាន់តែខ្លាំងលើបច្ចេកទេសសាងសង់និងសំណង់

ស្របពេលដែលការងារសាងសង់និងបច្ចេកទេសសំណង់កំពុងក្លាយជាកត្តាចម្បងមួយសម្រាប់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ដែលកំពុងរីកលូតលាស់មួយនេះ ប្រទេសសិង្ហបុរីបាននិងកំពុងចាប់អារម្មណ៍ជួយកម្ពុជាទៅលើបញ្ហានេះ។

កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដមឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុននៃប្រទេសសិង្ហបុរី បានជួបជាមួយឯកឧត្ដមលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចែករំលែកបទសោធន៍ក្នុងការសាងសង់ផ្លូវឲ្យបានរឹងមាំ និងប្រើប្រាស់ឲ្យបានយូរអង្វែង។

តាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជំនួបខាងលើនេះ ក្រុមហ៊ុនសិង្ហបុរីមានគោលបំណងចែករំលែកបទពិសោធន៍ល្អៗរបស់ខ្លួន ក៏ដូចជាបើកវេទិកាជូនមន្ត្រីបច្ចេកទេស និងវិស្វករក្រសួងបានសួរដេញដោល និងសិក្សាបន្ថែមនូវវិធីសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗក្នុងការសាងសង់ផ្លូវឲ្យមានគុណភាពល្អ និងមានលក្ខណៈរឹងមាំថែមទៀត ស្របតាមភូមិសាស្ត្រ និងអាកាសធាតុ។

បទបង្ហាញខាងលើនេះ គឺផ្អែកទៅលើការយកបទពិសោធន៍គម្រោងសាងសង់ផ្លូវនៅតាមបណ្ដាប្រទេសមួយចំនួនមកបង្ហាញ រួមទាំងគម្រោងសាងសង់ផ្លូវនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្រៅពីបទបង្ហាញខាងលើ ថ្មីៗនេះ សិង្ហបុរីក៏បានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លើកកម្ពស់សុវត្ថិភាពអគ្គីភ័យក្នុងវិស័យសំណង់ផងដែរ។ (អានបន្ថែម)

រូបភាពដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន

រូបភាពដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន

- Video Advertisement -