សិង្ហបុរី មានបំណងចង់វិនិយោគលើវិស័យធំៗ ចំនួន ៣ នៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ឯកឧត្តម Vivian Balakrishnan បានឱ្យដឹងថា សិង្ហបូរិចង់វិនិយោគលើវិស័យធំៗចំនួន៣ នៅកម្ពុជា រួមមានវិស័យពាណិជ្ជកម្ម ឃ្លាំងស្តុកទំនិញត្រជាក់ និងវិស័យដឹកជញ្ជូន ទិសដៅដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។
ឯកឧត្តម Vivian បានឱ្យដឹងដូច្នេះក្នុងជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន កាលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងជំនួប ឯកឧត្តម Vivian បានសាទរចំពោះ សម្ដេច ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយមានការចាក់វ៉ាក់សាំងបានច្រើនជាងគេនៅក្នុងតំបន់។
ឯកឧត្តមបានបន្ដថា នេះហើយគឺជាកត្តាធ្វើឱ្យអ្នកវិនិយោគសិង្ហបុរី មានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាពិសេសលើវិស័យទាំង ៣ ខាងលើ។
ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានលើកទឹកចិត្ដចំពោះរាល់ការវិនិយោគ ដោយមិនត្រឹមតែវិស័យ ៣ តែគួរពិនិត្យឱកាសក្នុងវិស័យអប់រំ សុខាភិបាល និងវិស័យដទៃទៀត។
គួរបញ្ជាក់ថា គម្រោងសាងសង់មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ តម្លៃប្រមាណជាង ២០០លានដុល្លារ ដែលកំពុងសិក្សាដោយប្រទេសសិង្ហបូរី គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២២ នេះហើយ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន YCH របស់ប្រទេសសិង្ហបុរីរួចហើយ ដោយនឹងឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទាន និងបើកការដ្ឋានឆាប់ៗ។ (អានបន្ថែម)

