សិង្ហបូរីបង្ហើបថាគម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ នឹងចំណាយទុនជាង ២០០លានដុល្លារ
ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើននៅប្រទេសសិង្ហបូរី កាលពីម្សិលមិញនេះ បានជួបប្រជុំគ្នាពិភាក្សាពីផែនការស៊ីជម្រៅនៃគម្រោងសាងសង់មជ្ឈមណ្ឌលព័ស្តុភារកម្មនៅទីក្រុងភ្នំពេញ ដោយបង្ហើបថាគម្រោងអាចនឹងចំណាយទុនវិនិយោគសរុបជាង ២០០លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Strait Times។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាផែនការលម្អិត ក៏ដូចជាស្វែងរកប្រភពទុន និងដៃគូអភិវឌ្ឍសម្រាប់គម្រោងនេះ ក្រោយកម្ពុជា និងសិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាផ្លូវការកាលពីខែមីនា កន្លងទៅនេះ។ (អានបន្ថែម)
បើតាមផែនការបឋម គម្រោងទាំងមូលនឹងរួមមាន ការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលព័ស្តុភារពហុបំណងបែបគ្រប់ជ្រុងជ្រោយ ការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលចំណេះដឹងនិងធនធានមនុស្សផ្នែកដឹកជញ្ជូន និងបណ្ដុំអាជីវកម្មខ្នាតតូច ឬហៅថាក្រុមហ៊ុន Start-up។
កិច្ចប្រជុំបានបន្តទៀតថា គម្រោងនេះជាផ្នែកមួយនៃ Smart Growth Connect Initiative របស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន ក្នុងគោលបំណងដើម្បីសម្រេចបាននូវផែនការមេនៃវិស័យដឹកជញ្ជូនអាស៊ានសម្រាប់ឆ្នាំ២០២៥។
ប្រធានក្រុមហ៊ុន YCH Group លោក Robert Yab មានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាជាទីតាំងមានសក្ដានុពល។ ប៉ុន្តែប្រទេសនេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធព័ស្តុភារដែលមានស្ដង់ដាទេ ហេតុនេះហើយទើបក្រុមហ៊ុនអន្តរជាតិជាច្រើនទៅវិនិយោគនៅប្រទេសថៃ ឬវៀតណាមវិញ។”
“យើងបានពិគ្រោះជាមួយក្រុមហ៊ុនអន្តរជាតិមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅអាស៊ាន ពួកគេថានឹងពង្រីកបណ្ដាញផលិតកម្មមកប្រទេសកម្ពុជា ប្រសិនបើកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក។ ដូច្នេះ គម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ គឺជាឱកាសដ៏ល្អបំផុត” លោកបានបន្ត។
បើតាមផែនការមេ ក្រុមហ៊ុន YCH Group នឹងមិនវិនិយោគនៅតែប្រទេសកម្ពុជានោះទេ តែនឹងបន្តអនុវត្តគម្រោងស្រដៀងៗគ្នា នៅបណ្តាប្រទេសអាស៊ានផ្សេងទៀត។
លោក Robert និយាយថា៖ “យើងចង់បង្កើតប្រព័ន្ធដឹកជញ្ជូនខ្នាតធំៗ បែបពហុបំណង គ្រប់ជ្រុងជ្រោយ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីជំរុញទំនាក់ទំនងអាជីវកម្មក្នុងតំបន់អាស៊ាន ក៏ដូចជាភ្ជាប់អាស៊ានទៅប្រទេសចិននិងឥណ្ឌា។”
ជាក់ស្ដែង គម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្ម ស្រដៀងគ្នាត្រូវបានត្រៀមនៅប្រទេសវៀតណាមរួចហើយ ដោយនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២២នេះ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះដឹកនាំដោយក្រុមហ៊ុន Infrastructure Asia និងក្រុមហ៊ុន YHC Group ដែលជាអ្នកទទួលខុសត្រូវធំលើគម្រោង ហើយចូលរួមដោយតំណាងក្រុមហ៊ុនខ្នាតយក្សផ្សេងៗទៀតជាង ៣០ រួមមាន Surbana Jurong, ធនាគារ DBS, OCBC, Clifford Capital, China Construction Bank, ទីភ្នាក់ងារ International Finance Corporation និង Silk Road Fund ជាដើម។

