សៀមរាបនឹងមានប្រព័ន្ធឡានក្រុងអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ
ក្រោយពីបញ្ចប់គម្រោងផ្លូវ ៣៨ ខ្សែ បាន១០០% កាលពីថ្ងៃទី ២៩ ធ្នូ ២០២១ កន្លងមកនេះ រដ្ឋាភិបាលបានដាក់ផែនការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ទៀត នៅខេត្តសៀមរាប រួមមាន ឡានក្រុងប្រើអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ។
នេះបើយោងតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យផ្លូវ ៣៨ ខ្សែ កាលពីថ្ងៃទី ៩ មករា កន្លងទៅនេះ។
ឯកឧត្តមថា៖ «រង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ មានទំហំ ២៥ម៉ែត្រ ជារង្វង់មូលខ្នាតធំ ត្រង់ចំណុចផ្លូវបំបែកស្វាយធំ ដែលបច្ចុប្បន្ន ក្រុមការងារកំពុងអនុវត្ត»។
«ដោយឡែក ការងារមួយទៀតដែលគ្រោងនឹងធ្វើ គឺផ្លូវវាងក្រុងថ្មី ក្រោមជំនួយរបស់កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់ជ្រើសរើសទីប្រឹក្សា»។
ជាចុងក្រោយឯកឧត្តមថា បើតាមផែនការទីក្រុងសៀមរាប នឹងមានប្រព័ន្ធឡានក្រុងសាធារណៈប្រើអគ្គិសនីទាំងអស់ ដែលជាផ្នែកមួយនៃគម្រោងសៀមរាបទីក្រុងឆ្លាតវៃ។
គួរបញ្ជាក់ថា ផ្លូវ៣៨ ខ្សែ បានបញ្ចប់ការសាងសង់ ១០០% ហើយ ខណៈការងារភ្លើងបំភ្លឺ និងតុបតែងផ្សេងៗ សម្រេចបាន ៧២%។

