ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត គឺជាទីសំចតទី១ក្នុងការត្រួតពិនិត្យរកវីរុសកូវីដ១៩
ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ត្រូវបានជ្រើសរើសជាមណ្ឌលត្រួតពិនិត្យសុខភាពទីមួយ ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួនជាង ៦០០នាក់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាល វីរុសកូវីដ១៩ (COVID-19) ។
ការសម្រេចជ្រើសរើស ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែតនេះ ធ្វើឡើងស្របពេលដែលរដ្ឋបាលខេត្តនីមួយៗ បានកំណត់យកសាលារៀន សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ ស្របតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងសារអេឡិចត្រូនិចតេឡេក្រាម កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ នេះ។ (អានបន្ថែម)
សូមបញ្ជាក់ថា ក្នុងចំណោមពលករជិត៦០០នាក់ ដែលបានធ្វើដំណើរចាកចញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យពិនិត្យរកឃើញភាពមិនប្រក្រតីចំនួន ១០នាក់ ដោយមានអាការៈក្ដៅខ្លួន។ ពលករសង្ស័យទាំងដប់នាក់នោះ ត្រូវបាន ក្រុមគ្រូពេទ្យ បញ្ជូនទៅមន្ទីរពេទ្យបង្អែកថ្មី ដើម្បីយកទៅពិនិត្យព្យាបាលបន្ត។
សូមរំលឹកដែរថា បច្ចុប្បន្ននេះ ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ត្រូវបានជុសជុលឡើងវិញ ក្រោមគម្រោងអភិវឌ្ឍន៍ ក្នុងទឹកប្រាក់ ៩៦ លានដុល្លារអាមេរិក។ ក្នុងនោះ ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា អេ.ឌី.ប៊ី (ADB) ប្រមាណ ១៣លានដុល្លារ និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ជាង ៨៣លានដុល្លារ អាមេរិក។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល កាលពីខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ៕

