ស្ថាប័នចំនួន៣ នៅកម្ពុជា ឈ្នះពានរង្វាន់សម្រាប់ការអនុវត្តប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្ម
ក្រសួងបរិស្ថាន និងក្រុមហ៊ុន Sevea កាលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ជូនដល់អ្នកជាប់ជ័យលាភីលេខ១, លេខ២, លេខ៣ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។
គួរបញ្ជាក់ថា ជ័យលាភីធំៗទាំងបីស្ថាប័ននោះរួមមាន៖ សាលាទេសចរណ៍អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប បានឈ្នះពានរង្វាន់ជ័យលាភីគឺលេខ១, ក្រុមហ៊ុន Lotus Green Team ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងលេខ៣ បានទៅលើក្រុមហ៊ុន Confluences។
យោងតាមក្រសួងបរិស្ថាន រដូវកាលទីពីរនៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដែលមានក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន ២១ កំពុងដំណើរការ។
នាឱកាសនោះក្រសួងក៏បានប្រកាសអ្នកឈ្នះខាងផ្នែកអគារពាណិជ្ជកម្មផងដែរ ក្នុងនោះមានជ័យលាភីប្រភេទ១ បានទៅលើក្រុមហ៊ុន COVA, ជ័យលាភីប្រភេទ២ គឺក្រុមហ៊ុន Lotus Green Team និងពានរង្វាន់ជ័យលាភីប្រភេទ៣ គឺបានទៅក្រុមហ៊ុន Zuellig Pharma។
ចំពោះប្រភេទអគារសណ្ឋាគារ ពានរង្វាន់មានដូចជា៖ ប្រភេទទី១បានទៅលើសាលាទេសចរណ៍ Ecole Paul Dubrule, ប្រភេទទី២ បានទៅលើសណ្ឋាគារ Sun and Moon។ លើសពីនេះ ក្រុមហ៊ុនមួយចំនួនទៀតបានទទួលការលើកទឹកចិត្ត និងពានរង្វាន់សមិទ្ធផលល្អបំផុត។
ក្នុងពិធី ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា កម្មវិធីនេះ បានចូលរួមចំណែកពីភាគីពាក់ព័ន្ធ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចឱ្យបានអព្យាក្រឹតភាពកាបូននាឆ្នាំ២០៥០ ក៏ដូចជាចូលរួមការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យភាគីម្ចាស់អគារពាណិជ្ចកម្ម ឧស្សាហកម្ម ចូលរួមចំណែកឱ្យបានកាន់តែច្រើន នៅក្នុងកម្មវិធីប្រកួតប្រជែង សម្រាប់រដូវកាលក្រោយៗទៀត។
សូមជម្រាបថា ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp)នេះ ត្រូវបានរៀបចំពីរដងហើយ ក្នុងរដូវកាលទី១ និងទី២ ការអនុវត្តវិធានការប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្មនាំមកនូវការសន្សំថាមពលគួរឱ្យកត់សម្គាល់ និងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតប្រមាណ ៣៥០តោន។




- Video Advertisement -