ស្ពានក្រចេះ-កំពង់ធំជិតបើកការដ្ឋានហើយ គ្រប់យ៉ាងរួចរាល់រង់ចាំតែសម្ដេចតេជោ ហ៊ុន សែន អនុម័តប៉ុណ្ណោះ
ផែនការ និងការសិក្សាស្ពានក្រចេះ-កំពង់ធំ ត្រូវបានត្រៀមរួចរាល់ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចអនុម័តជាផ្លូវការ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនកាលពីព្រឹកមិញនេះ។
ឯកឧត្តម បានមានប្រសាសន៍ថា៖ «ស្ពាននេះ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ ដោយក៏បានដាក់ទៅឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យ»។
«ក្រោយសម្ដេចអនុម័តហើយ យើងនឹងឈានទៅរកការចុះកិច្ចសន្យាសាងសង់ ក្នុងពេលឆាប់ៗខាងមុននេះ» ឯកឧត្តម បានបន្ដ។
គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១.៧៦១ ម៉ែត្រដែលអាចនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានធ្លាប់បានឱ្យដឹងថា ការដ្ឋានគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំនេះ។ (អានបន្ថែម)

