ហ្វីលីពីនកំពុងស្វែងរកដៃគូនៅកម្ពុជា ដើម្បីសហការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា សាជីវកម្ម San Miguel ដែលជាក្រុមហ៊ុនឈានមុខគេនៅប្រទេសហ្វីលីពីន បានបង្ហាញពីបំណងរបស់ខ្លួនដែលកំពុងស្វែងរកដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជា ដើម្បីធ្វើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Ramon S. Ang ប្រធាន និងនាយកប្រតិបត្តិនៃសាជីវកម្ម San Miguel នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបនេះ លោកប្រធាន Ramon S. Ang បានឱ្យដឹងថា សាជីវកម្ម San Miguel គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ និងភេសជ្ជៈ, ថាមពល និងចំរាញ់ប្រេង។ សាជីវកម្ម San Miguel ធ្លាប់បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនតាមរយៈការសាងសង់ និងគ្រប់គ្រងគម្រោងដ៏សំខាន់មួយគឺ អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្ហាញពីបំណងរបស់ខ្លួនដែលកំពុងសម្លឹងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗផងដែរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចក៏បានបញ្ជាក់បន្ថែមពីសក្ដានុពល និងឱកាសនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់នៅក្នុងប្រទេសកម្ពុជា ក៏ដូចឆ្ពោះទៅកាន់បណ្ដាប្រទេសក្នុងតំបន់។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុនអំពីវិស័យគន្លឹះ និងយុទ្ធសាស្ត្ររបស់កម្ពុជា ដែលជាកាលានុវត្តភាពសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន ដោយគាំទ្រ បង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្កើតបរិយាកាសអំណោយផល និងកិច្ចសម្របសម្រួលនានា សំដៅជំរុញការវិនិយោគ និងភាពជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា។
សម្ដេចបានសង្កត់ធ្ងន់ថា វិស័យសិកម្មដែលជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា គឺជាវិស័យដែលក្រុមហ៊ុនគួរយកចិត្តទុកដាក់ និងពិនិត្យមើលឱកាសវិនិយោគក្នុងដំណាក់កាលណាមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ភ្ជាប់ទៅកាន់តំបន់ និងពិភពកលោក។
ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏មានសក្ដានុពលនេះ ប្រទេសទាំងពីរនឹងទទួលបានផលប្រយោជន៍ ឆ្ពោះទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។ នៅពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយតួអង្គដ៏សំខាន់ដូចជា San Miguel នោះ អនាគតមើលទៅហាក់ដូចជាមានការសន្យាសម្រាប់ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលអាចផ្លាស់ប្តូរទិដ្ឋភាពរបស់ប្រទេសជាតិផងដែរ។



- Video Advertisement -