អគារចត្តាឡីស័កនៅខេត្តបាត់ដំបងតម្លៃជាង ១៧ម៉ឺនដុល្លារ ដាក់ឲ្យដំណើរការហើយ
អគារចត្តាឡីស័កមួយកន្លែងនៅខេត្តបាត់ដំបង តម្លៃជាង ១៧ម៉ឺនដុល្លារអាមេរិក បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោក ណាំ ប៊ុកហ្យុន (Nam Bok Huyn) អគ្គនាយកអង្គការ KOFIH ប្រចាំប្រទេសកូរ៉េ។
ឯកឧត្តម សុខ លូ បានលើកឡើងថា បើទោះបច្ចុប្បន្នថ្វីត្បិតតែជំងឺកូវីដ-១៩បានធូរស្បើយច្រើន មិនមានអ្នកធ្វើចត្តាឡីស័កទៀតក៏ដោយ តែអគារមណ្ឌលចត្តាឡីស័កនេះមិនទុកចោលដែរ ពោលគឺយើងនឹងធ្វើការប្រើប្រាស់មណ្ឌលនេះ ជាមណ្ឌលសំរាកព្យាបាលជំងឺទូទៅ ដោយមិនប្រកាន់ជំងឺអ្វីឡើយ ហើយបើសិនជាមានការផ្ទុះជំងឺកូវីដ-១៩ដោយប្រការណាមួយ នឹងយើងនឹងអាចប្រើប្រាស់មណ្ឌលនេះជាមណ្ឌលចត្តាឡីស័កវិញម្ដង ។
ឯកឧត្តម បានចាត់ទុកថា អគារនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា អគារចត្តាឡីស័កមួយកន្លែងនេះ គឺស្ថិតនៅក្នុងមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ដែលចំណាយថវិកាសរុប ១៧១,២៤៥.៥៦ដុល្លាសហរដ្ឋអាមេរិក ដោយក្នុងនោះក៏បានបំពាក់ជាមួយនូវសម្ភារៈ ឧបករណ៍ បរិក្ខារពេទ្យមួយចំនួនផងដែរ៕

