អគារព្យាបាលមួយខ្នង តម្លៃជិត២០លានដុល្លារ ក្រោមជំនួយជប៉ុន ចាប់ផ្តើមសង់ហើយ

អគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់ តម្លៃជិត២០លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

អគារមួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧.២៦០ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង២៥ ម៉ែត្រគុណនឹង ៦៩ ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត។

អគារមន្ទីរពេទ្យថ្មីនេះមានលក្ខណៈជាស្តង់ដារ ដែលមានចំនួនគ្រែសរុបចំនួន២២០គ្រែ ដែលទទួលអ្នកជំងឺទៅតាមជាន់នីមួយៗ។

នៅជាន់ផ្ទាល់ដី មានផ្នែកទទួលជំងឺ និងពិគ្រោះជំងឺក្រៅ , ផ្នែកសង្រ្គោះបន្ទាន់ (Emergency) , ផ្នែករូបភាពវេជ្ជសាស្រ្ត (ថតដោយកាំរស្មីអ៊ិច ឆ្លុះអេកូសាស្រ្ត ថតដោយម៉ាស៊ីនស៊ីធីស្កេន) , ផ្តល់ឱសថ និងបញ្ជរបង់ប្រាក់។ជាន់ទី១ ជាផ្នែកសល្យាសាស្រ្ត និងដាក់ថ្នាំសណ្តំដែលមានបន្ទប់វះកាត់សរុប ៦ បន្ទប់ មានផ្នែកថែទាំក្រោយវះកាត់ ផ្នែកប្រពោធនកម្មវះកាត់ និងមជ្ឈមណ្ឌលស្តេរីលរួម។

ជាន់ទី២ និងទី៣ ខាងលើជាផ្នែកសម្រាកពេទ្យនៃជំងឺវះកាត់ដែលមានបែងចែកតាមឯកទេស ដែលក្នុងនោះផ្នែកវះកាត់ឆ្អឺងសន្លាក់និងរបួសគ្រាំគ្រា (Trauma and Orthopedic surgery) , ផ្នែកវះកាត់ប្រព័ន្ធប្រសាទ(Neurology Surgery) , ផ្នែកវះកាត់សរីរាង្គពោះនិងទ្រូង(Abdominal and thoracic surgery) , ផ្នែកវះកាត់ម៉ូត្រសាស្រ្ត (Urology Surgery) និងផ្នែកត្រចៀក ច្រមុះ បំពង់ក ៕

ថ្លែងក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងថា ការការសាងសង់អគារមន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាបនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់វិស័យសុខាភិបាលខេត្តមួយនេះ ឱ្យកាន់មានភាពទំនើបស៊ីវីល័យ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA សម្រេចផ្ដល់ជំនួយសង់អគារមន្ទីរពេទ្យបង្អែក នេះតាំងពីខែតុលា ឆ្នាំ ២០២០ មកម្លេះ ហើយជាក់ស្ដែងការដ្ឋានបានចាប់ផ្ដើមជាបណ្ដើរៗតាំងពីខែដើមខែ ធ្នូ។  (អានបន្ថែម)

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]