អគារមន្ទីរពេទ្យខេត្តសៀមរាបតម្លៃ ១៩លានដុល្លារ ក្រោមជំនួយជប៉ុន បើកការដ្ឋានសាងសង់
អគារថ្មីក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃប្រមាណ ១៩ លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខនេះ។
ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានរបស់ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ។
អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ មានកម្ពស់ ៤ជាន់ មានសមត្ថភាពទទួលអ្នកជំងឺបាន ២២០គ្រែ។ អគារថ្មីនេះ ត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ព្យាបាល និងដាក់អ្នកជំងឺសង្គ្រោះបន្ទាន់ ព្រមទាំងជួយពង្រីកសេវាផ្នែកឯកទេសវះកាត់ផងដែរ។
គម្រោងនេះនឹងប្រើរយៈពេលសាងសង់សរុប ២២ខែ ពោលគឺអាចនឹងបញ្ចប់នៅឆ្នាំ ២០២៣។
គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថិតក្នុងចំណោមគម្រោង នៃហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤១,៤លានដុល្លារអាមេរិក។ ហើយថ្មីៗនេះ ក្រសួងសុខាភិបាលបានបើកសម្ពោធឱ្យប្រើប្រាស់អគារវះកាត់ និងសម្ភពថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានសាងសង់ដោយស្ដង់ដា និងក្រោមជំនួយឥតសំណងរបស់ជប៉ុន មានតម្លៃជាង ៩០ម៉ឺនដុល្លារផងដែរ។ (អានបន្ថែម)
កញ្ចប់ថវិកានេះមានគោលបំណងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ ផ្សេងទៀត តាមរយៈការសាងសង់អគារថ្មីៗ និងការផ្តល់ជូននូវគ្រឿងឧបករណ៍វេជ្ជសាស្រ្ត ជាដើម។


