អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែននៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងអមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ កញ្ញា ២០២២។
អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសហីនុ។
គួររម្លឹកដែរថាអគារតេជោព្យាបាលជំងឺកូវីដ-១៩មួយខ្នង មានកម្ពស់មួយជាន់ មានទំហំ ៩០ x ៣០ម៉ែត្រ គ្រឹះសសរបេតុង ដំបូលប្រកស័ង្គសី ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ។
អគារព្យាបាលនេះត្រូវបានសាងសង់ឡើងក្រោមការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីសប្បុរសជនជាតិ និងអន្តរជាតិ ចំនួន១.៧៤២.៨៣០ដុល្លារអាមេរិក។
ដោយឡែក អគារមន្ទីរពិសោធន៍ មួយខ្នង មានទទឹង ១៥.៨ X ២៩ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមជំនួយឧបត្ថមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ២៧០.០០០ដុល្លាអាមេរិក និងឧបករណ៍វិភាគមេរោគកូវីដ-១៩ ជាជំនួយមនុស្សធម៌រដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ ម៉ែន សំអន បាននកោតសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុដែលបានខិតខំពុះពារគ្រប់ឧបស័គ្គ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានកសាងនូវសមិទ្ធិផលថ្មីៗជាច្រើន តួរយ៉ាងដូចជាអគារសុខាភិបាលទាំង៣ខាងលើ សម្រាប់បម្រើឱ្យតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

