អភិបាលខេត្តសៀមរាប បញ្ជាឲ្យរុះរើសំណង់មិនស្របច្បាប់ ទោះសំណង់នោះសង់បាន ៥០ ភាគរយហើយក៏ដោយ
អភិបាលខេត្តសៀមរាប បញ្ជាឲ្យមានការរុះរើរាល់សំណង់មិនស្របច្បាប់ ទោះបីជាសំណង់នោះសាងសង់បាន ៣០ ឬ ៥០ ភាគរយរួចហើយក៏ដោយ ដើម្បីពង្រឹងគុណភាពសំណង់ និងការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញអធិការកិច្ចត្រួតពិនិត្យគុណភាពសំណង់នេះ ក្នុងសេចក្តីថ្លែងរបស់លោក ក្នុងឱកាសបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើទិសដៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ០៤ ខែមីនា ២០២០។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «ចំពោះសំណង់ណា ដែលបានដំណើរការសាងសង់នៅក្នុងឆ្នាំ ២០១៨-២០១៩ អាជ្ញាធរខេត្ត នឹងឱ្យមន្រ្តីជំនាញចុះពិនិត្យគុណភាព និងបច្ចេកទេស។ បើសិនជារកឃើញមានលក្ខណៈត្រឹមត្រូវ អាជ្ញាធរនឹងចេញលិខិតអនុញ្ញាតឱ្យដំណើការសាងសង់បន្ត។»
ឯកឧត្តមបានបន្តថា៖ «ប៉ុន្តែចាប់ពីឆ្នាំ ២០២០ នេះទៅ សំណង់ណាដែលសាងសង់មុនច្បាប់អនុញ្ញាត និងត្រូវវាយចោលទាំងអស់ បើទោះបីសំណងនោះសាងសង់បាន ៣០ ភាគរយ ឬ ៥០ ភាគរយហើយក្តី។»
ឯកឧត្តមពន្យល់ថា “មូលហេតុដែលអាជ្ញាធរធ្វើបែបនេះ គឺដើម្បីពង្រឹងគុណភាពសំណង់ និងការសាងសង់ឱ្យបានត្រឹមត្រូវ ព្រោះកន្លងមកមានសំណង់ខ្លះធ្វើលើដីចំណីផ្លូវ និងមួយចំនួនទៀត ធ្វើមិនត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស។”
ទាក់ទិនទៅនឹងបញ្ហាគុណភាពសំណង់ កាលពីរសៀលថ្ងៃ ០២ ធ្នូ ២០១៩ ករណីបាក់សំណង់សាលាឆាន់នៅខេត្តសៀមរាម បានសម្លាប់មនុស្ស៣នាក់ និងបណ្ដាលឲ្យមនុស្សជិត២០នាក់ទៀតរងរបួស។(អានបន្ថែម) 

