អាជ្ញាធរខេត្តហឺណានរបស់ចិន ចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា

អាជ្ញាធរខេត្តដ៏ធំមួយរបស់ប្រទេសចិន គឺខេត្តហឺណាន ដែលមានប្រជាជនរហូតដល់ជាង ១០០លាននាក់ និងមានសក្តានុពលទីផ្សារពាណិជ្ជកម្មខ្លាំង បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក SUN Shougang អភិបាលរងខេត្តហឺណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។

នាឱកាសនោះ លោកអភិបាលរងខេត្តហឺណាន បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងនេះ ដោយបានអនុញ្ញាតឱ្យមន្ទីពាណិជ្ជកម្មខេត្តហឺណានដឹកនាំប្រតិភូទៅស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជានៅក្នុងឆ្នាំនេះផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពង្រីកទំហំនាំចូលផលិតផលសំខាន់ៗរបស់កម្ពុជាដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេក ព្រមទាំងពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម។

បន្ទាប់ពីជំនួបពិភាក្សានេះរួច ប្រតិភូក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាជាមួយនឹង លោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើ និងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ខណៈកន្លងមកក្រុមហ៊ុននេះក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើនសម្រាប់ចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណានផងដែរ។

គួររម្លឹកថា ក្រៅពីខេត្តហឺណាន គណៈប្រតិភូមួយក្រុមមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន ក៏បានប្តេជ្ញាជំរុញ និងទាក់ទាញវិនិយោគិនចិនឱ្យមកធ្វើការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសពួកគេបានលើកឡើងពីផែនការដ៏សំខាន់មួយគឺគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ទៀត ដោយផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យា និង កសិ-ឧស្សាហកម្មផងដែរ។ (អានបន្ថែម)

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការលើកកម្ពស់សមត្ថភាពកសិឧស្សាហកម្មរបស់កម្ពុជា និងការពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិ ខណៈដែលខេត្តទាំងពីរសម្លឹងមើលទៅលើភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំជាមួយនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹមឆមាសទី១ ឆ្នាំ២០២៥ នេះ ចំនួនរោងចក្រ-សហគ្រាសនៅកម្ពុជាកំពុងបន្តកើនឡើងជាលំដាប់!

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញរបាយការ […]

ក្នុងរយៈពេល៥ខែ កម្ពុជាស្រូបទាញការវិនិយោគថ្មីបានចំនួន ២៩០គម្រោង មានទុនជាង $៤ពាន់លាន

ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នំា២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍ […]