អាជ្ញាធររផ្អាកអាជីវកម្មជីករ៉ែខុសច្បាប់លើដីជាង ១៥ហិកតា នៅស្រុកខ្សាច់កណ្ដាល

អាជ្ញាធរខេត្តកណ្តាល បានផ្អាកអាជីវកម្មរណ្ដៅដី មហារដ្ឋា ត្រេដឌីង ទំហំជាង ១៥ ហិកតា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ក្រោយរកឃើញថាប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់កំណត់។

បើយោងតាមកិច្ចចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ១៩ ខែមករា គណៈកម្មការចម្រុះ រកឃើញថា រថយន្តចំនួន ៤ គ្រឿង ដែលបានដឹកដីចេញពីទីតាំងអាជីវកម្មលើសទម្ងន់ ដែលបណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន។

បន្ថែមពីនេះ តំណាងអាជីវកម្ម ពុំមានអាជ្ញាប័ណ្ណគ្រប់គ្រាន់ ទាក់ទងទៅនឹងការជីករណ្ដៅដីទំហំ ១៥ ហិកតា នេះឡើយ។

ក្រោយពិនិត្យ ក្រុមការងារចម្រុះ ក៏បានរឹបអូសបណ្ដោះអាសន្ននូវគ្រឿងចក្រចំនួន ២ និងរថយន្តចំនួន ៤ គ្រឿង ដែលល្មើសអាជីវកម្មរ៉ែ និងរថយន្តចំនួន ៤ គ្រឿង ដែលដឹកលើសទម្ងន់។

ក្រុមការងារចម្រុះ ក៏បានណែនាំ និងទុកពេលឱ្យតំណាងអាជីវកម្ម បង្ហាញឯកសារម្ដងទៀត ក្នុងរយៈពេល១៥ ថ្ងៃ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។

- Video Advertisement -