អាជ្ញាធរ បញ្ជាឲ្យរុះរើសំណង់តូចៗជាច្រើន សង់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃជាបន្ទាន់
រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងឲ្យរុះរើរោងខ្ទមដែលសង់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ជាបន្ទាន់។
នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការចាត់វិធានការរដ្ឋបាល បោសសម្អាតការសាងសង់រោង-ខ្ទមខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលចុះផ្សាយកាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងសេចក្តីជូនដំណឹងលេខ ១៧៤ឥ/២២ សជណ.ខពស បានឲ្យដឹងថា ដើម្បីធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានគង់វង្ស រដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់រោង ខ្ទមប្រក់កៅស៊ូតង់ កាប់គាស់ រុករានទន្ទ្រានដីព្រៃ ដាំដំណាំ និងស្នាក់នៅ នៅចំណុចស្ទឹងខៀវ ចំណុចជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវធ្វើការរុះរើរោងខ្ទមដោយខ្លួនឯង និងចាកចេញពីទីតាំងនោះជាបន្ទាន់។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានប្រកាសទុករយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីឱ្យបងប្អូនរុះរើរោង-ខ្ទមដោយខ្លួនឯង និងបញ្ឈប់រាល់សកម្មភាព កាប់គាស់ រុករានទន្ទ្រានដីព្រៃ។ ផុតកំណត់រយៈពេលជូនដំណឹងខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល ហើយក្នុងករណីបងប្អូនប្រជាពលរដ្ឋណារឹងរូស ឬប្រឆាំងតបត ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ហេតុនេះ អាជ្ញាធរខេត្តសូមបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅខុសច្បាប់ទាំងអស់ចូលរួមសហការដើម្បីអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធិភាព និងប្រកបដោយជោគជ័យ៕

