អាមេរិកប្រកាសផ្តល់ថវិកាជាង ៥៥លានដុល្លារ ជួយអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា
សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួនជាង ៥៥លានដុល្លារ សម្រាប់ជួយអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជា៖ ពង្រឹងសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សុខុមាសភាព ការវិនិយោគ និងការបោសម្អាតមីន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០២៤ របស់ USAID។
ទាក់ទងនិងជំនួយខាងលើ អ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID សកល បានឱ្យដឹងថា ការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិក គឺសម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាលើសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដូចខាងក្រោម៖
ទី១_តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ២៩លានដុល្លារ សម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន” ដោយផ្តោតសំខាន់លើការងារពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការកែលម្អទំនាក់ទំនងទីផ្សារ។
ទី២_ជំនួយដល់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ៖ ជាង 6 លានដុល្លារ នឹងត្រូវបញ្ជូនទៅក្នុងសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ការការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម។
ទី៣_ជំនួយផ្នែកការងារ និងពិការភាព៖ ក្រសួងការងារសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ៣លានដុល្លារ ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក និងដោះស្រាយឧបសគ្គនានាទាក់ទងនឹងពិការភាព។
លើសពីនេះ អ្នកស្រី Power ក៏សង្កត់ធ្ងន់លើវិស័យសុខុមាលភាពផងដែរ ដោយបានប្រកាសពីគំនិតផ្តួចផ្តើមថ្មី ដើម្បីនឹងជួយពង្រឹងសន្តិសុខសុខភាពរបស់កម្ពុជា តាមរយៈកម្មវិធី COMMIT2 ថ្មី រយៈពេលប្រាំឆ្នាំរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID សហការជាមួយអង្គការ KHANA ដែលនឹងលើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅកម្ពុជា។
គំនិតផ្តួចផ្តើមសំខាន់ៗនៅក្នុងកម្មវិធីនេះរួមមាន៖
ទី១_ USAID នឹងប្រើប្រាស់ទឹកប្រាក់ ៤ លានដុល្លារ ក្នុងឆ្នាំដំបូងរបស់ខ្លួន ផ្តោតលើការពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងការបង្ការក្នុងសហគមន៍មូលដ្ឋាន។
ទី២_ ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏កំពុងវិនិយោគជាង ១លានដុល្លារ ដើម្បីវាយតម្លៃកម្រិតនៃលោហធាតុធ្ងន់ដូចជាសារធាតុសំណ និងអាសេនិចនៅក្នុងខ្លួនកុមារ ស្ត្រីមានផ្ទៃពោះ បរិស្ថាន និងផលិតផលនានា ហើយចាត់វិធានការ ដើម្បីជួយបង្ការការប៉ះពាល់នៃសារធាតុទាំងនេះនាពេលអនាគត។
ទី៣_ USAID ក៏បានផ្តល់ជំនួយសម្រាប់សមកម្មភាពបោសម្អាតមីន និងការអប់រំពីហានិភ័យមីនសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍នៅកម្ពុជាដែលមានថវិកាសរុបចំនួន ១២លានដុល្លារ។ បើគិតមកទល់ពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បានជួយបោសសម្អាតមីននៅកម្ពុជាបានចំនួន ១,៥លានគ្រាប់ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៣ម៉ឺនហិកតា។
គួរបញ្ជាក់ថា ការវិនិយោគលើវិស័យទាំងនេះ គឺជាសក្ខីភាពនៃកិច្ចសហការរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ជាមួយប្រទេសកម្ពុជា ដោយធ្វើការរួមគ្នាដើម្បីកែលម្អវិស័យសុខាភិបាល សុវត្ថិភាព និងលើកកម្ពស់ឱកាសនានាសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
- Video Advertisement -