អាល្លីម៉ង់សន្យាផ្តល់ឥណទាន ៣០លានអឺរ៉ូ សម្រាប់អភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីជនបទ

រដ្ឋាភិបាលអាល្លីម៉ង់ សន្យាផ្តល់ឥណទានសម្បទានថ្មីបន្ថែមទៀតចំនួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ)  សម្រាប់​គម្រោងប្រសិទ្ធភាព​ថាមព​ល និងការផ្គត់ផ្គង់អគ្គិសនីតាមទីជនបទដំណាក់កាលទី២។

នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋា​ភិ​បា​ល​នៃ​សាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ កាលពីថ្ងៃទី៣១ ខែឧសភា នេះ។

ឥណទាននេះ នឹងជួយជំរុញដល់កិច្ចការងារលើកកម្ពស់ប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់ថាមពល​នៅតាម​ជនបទ​នៅក្នុងប្រទេស ដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងកន្លងមក។​

ជាមួយគ្នានេះផងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តចុះហត្ថលេខាកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយ​ធនាគារអភិវឌ្ឍន៍អាល្លីម៉ង់ (KfW) នៅក្រោយពេលដែលការសិក្សាលម្អិតលើគម្រោងដំណាក់កាលទី២ នេះបាន​បញ្ជប់។

តាមរយៈធនាគារអភិវឌ្ឍន៍អាល្លីម៉ង់ (kfw) នេះផងដែរ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ ក៏បានផ្តល់​ជំនួយ​ចំនួន ៣០​លានអឺរ៉ូ ម្តងរួចមកហើយនៅឆ្នាំ២០១៩ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពល និង​ការផ្គត់​ផ្គង់​អគ្គិសនីជនបទដំណាក់កាលទី១។

ក្រៅពីនេះ នៅឆ្នាំ២០២០ ធនាគារនេះ បានផ្តល់ហិរញ្ញប្បទានចំនួន ៣០លានអឺរ៉ូ បន្ថែមទៀត​ សម្រាប់ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធនៅជនបទក្នុងប្រទេសកម្ពុជា៕

- Video Advertisement -