អ្នកជំនាញ៖ ខេត្តចំនួន២ នៅកម្ពុជានឹងមានសក្តានុពលខ្លាំងលើផ្នែករីសត ក្រោយចប់វិបត្តិកូវីដ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថាខេត្តកំពត និងកែប នឹងមានសក្តានុពលខ្លាំងពិសេសសម្រាប់ការវិនិយោគលើរីសត ក្នុងឆ្នាំ ២០២១ ឬក្រោយវិបត្តិកូវីដ១៩ ពីព្រោះទីនោះជាកន្លែងស្ងប់ស្ងាត់ ទេសភាពស្អាត និងជាទិសដៅកំសាន្តពេញនិយមរបស់ភ្ញៀវក្នុងស្រុក។
លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីពេលថ្មីៗនេះថា៖ «ខ្ញុំឃើញថាកំពត និងកែបជាទីតាំងដែលត្រូវវិនិយោគ ដូចជាដីនៅជាយភ្នំ ឬមាត់សមុទ្រ ហើយកន្លែងទាំងអស់ហ្នឹងអាចធ្វើរីសតបែបច្នៃប្រឌិត ឬបែបអេកូទេសចរណ៍»។
លោកបានបន្ថែមថា៖ «ទីតាំងនៃខេត្តទាំងពីរ កំពុងមានសក្តានុពល ព្រោះដីនៅទីនោះនៅសល់ច្រើន ករណីដែលយើងទិញទុកវាមិនសូវជាមានសក្តានុពលទេ ក៏ប៉ុន្តែបើយើងទិញយកមកធ្វើរីសតបែបឆ្នៃប្រឌិត អាចទាក់ទាញភ្ញៀវទេសចរច្រើន»។
លោកបានបន្តទៀតថា ខេត្តកំពត និងកែប បច្ចុប្បន្នគឺជាទិសដៅកំសាន្តក៏ពេញនិយមមួយសម្រាប់អ្នកទេសចរក្នុងស្រុក ហើយក្រោយផ្លូវជាតិលេខ ៣ សាងសង់រួច ទិសដៅទី២ នេះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ព្រោះផ្លូវថ្មីនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរបានមួយចំណែកធំ។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះខេត្តកែបកំពុងបើកការដ្ឋានសាងសង់ផ្លូវចំនួន៨ខ្សែ ដោយឡែកការស្ថាបនាផ្លូវជាតិលេខ ៣ ក៏សម្រេចបាន៩០% ហើយដែរ។ (អានបន្ថែម និងបន្ថែម)

