អ្នកជំនាញ៖ ទីក្រុងភ្នំពេញកំពុងវិវត្តខ្លួនឆ្ពោះទៅកាន់ទីក្រុងឆ្លាតវៃ

ស្របពេលដែលពាក្យថាទីក្រុងឆ្លាតវៃបានក្លាយជាពាក្យកំពុងពេញនិយមមួយដែលឆ្លើយតបនឹងកំណើនប្រជាជននិងភាពកាន់តែចង្អៀតក្នុងពិភពលោក អ្នកជំនាញមកពីវិស័យផ្សេងៗគ្នាបានអង្គុយពិភាក្សានៅថ្ងៃទី ២៥ ខែមិថុនា ដើម្បីធ្វើការវាយតម្លៃរបៀបដែលទីក្រុងភ្នំពេញបានអនុវត្តគំនិតនេះនិងពិភាក្សាអំពីផែនការនាពេលអនាគត។

ក្រោមប្រធានបទ «ទីក្រុងឆ្លាតវៃ: ការអភិវឌ្ឍន៍នគរូបនីយកម្មនាពេលអនាគត» កម្មវិធីនេះ បានសហការរៀបចំដោយភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ក្រុមហ៊ុនច្បាប់ DFDL និងក្រុមហ៊ុនសាងសង់ Archetype។

ស្របពេលដែលទទួលស្គាល់ថាទីក្រុងកំពុងមានការអភិវឌ្ឍន៍ខ្លាំងហើយមានលក្ខណៈចង្អៀតទៅៗ លោក Guillaume Massin ដៃគូ និងជាប្រធានគ្រប់គ្រងក្រុមហ៊ុន DFDL ដែលជាវាគ្មិនមួយរូបក្នុងកម្មវិធីនេះ បានមានប្រសាសន៍ថា​​ ទីក្រុងភ្នំពេញកំពុងវិវត្តខ្លួនឆ្ពោះទៅកាន់ទីក្រុងឆ្លាតវៃ។​

ដោយសារតែពាក្យថាទីក្រុងឆ្លាតវៃអាចមាននិយមន័យច្រើន, និយមន័យមួយក្នុងចំណោមនិយមន័យផ្សេងគឺជាគំនិតនៃការបញ្ចូលបច្ចេកវិទ្យាដែលនឹងជួយតភ្ជាប់ឲ្យកាន់តែប្រសើរឡើងរវាងប្រជាជននិងប្រជាជនដែលរស់នៅក្នុងទីក្រុងនគរូបនីយកម្មយ៉ាងឆាប់រហ័សនេះ ប្រកបដោយចីរភាព។

លោក Guillaume បានមានប្រសាសន៍ថា៖ «រាជធានីភ្នំពេញកំពុងផ្លាស់ប្តូររួចហើយដើម្បីសម្របខ្លួនទៅនឹងគំនិតនេះ [ទីក្រុងឆ្លាតវៃ] ពីព្រោះនៅពេលអ្នកឃើញអគារថ្មីៗ ព្រលានយន្តហោះថ្មីៗ វាគឺស្របទៅនឹងគោលការណ៍ខ្លះៗនៃទីក្រុងឆ្លាតវៃរួចទៅហើយ» ។

តាមការយល់ឃើញរបស់លោក Michel Cassagnes នាយកគ្រប់គ្រងក្រុមហ៊ុន Archetype បានឲ្យដឹងថា សណ្ឋាគារគឺជាកត្តាជំរុញដ៏សំខាន់ក្នុងការធ្វើឲ្យការអភិវឌ្ឍន៍ឆ្លាតវៃនិងនិរន្តរភាពរបស់ប្រទេសកម្ពុជាកាន់តែលឿន និងកាន់តែប្រសើរឡើង ដោយសារថា ជាទូទៅ ប្រតិបត្តិករសណ្ឋាគារបានប្រើប្រាស់ថាមពលនិងទឹកខ្ពស់បំផុត។

លោក សេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ដែរថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុងវិនិយោគយ៉ាងច្រើនក្នុងការធ្វើឱ្យទីក្រុងភ្នំពេញក្លាយជាទីក្រុងឆ្លាតវៃ និងមាននិរន្តភាព។

តាមការបញ្ជាក់របស់លោក វណ្ណៈ ការចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា អំពូងភ្លើងបំភ្លឺឆ្លាតវៃ ការបង្កើនកន្លែងចតយានយន្ត ការប្រមែប្រមូលទីធ្លារសាធារណៈសម្រាប់ធ្វើចិញ្ចើមផ្លូវ ការដាំដើមឈើ និងផែនការទេសភាពបៃតង និងការផ្តល់សេវារថយន្ដក្រុងសាធារណៈដែលមាន Wi-Fi នៅរាជធានីភ្នំពេញ គឺជាសញ្ញាឆ្ពោះទៅសម្រេចបាននូវគោលដៅទីក្រុងឆ្លាតវៃ ។

លោកបានមានប្រសាសន៍ថា៖ «គម្រោងរបស់យើងគឺព្យាយាមធ្វើឱ្យទីក្រុងរបស់យើងក្លាយទៅជាទីក្រុងដែលទំនើបហើយឆ្លាតវៃ ប៉ុន្តែមាននិរន្តរភាព» ក៏ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ដើម្បីធ្វើដូច្នេះបាន ការសហការ និងការយោគយល់ពីភាគីពាក់ព័ន្ធទាំងអស់រួមទាំងប្រជាពលរដ្ឋគឺមានសារៈសំខាន់ខ្លាំងណាស់។

ទីក្រុងភ្នំពេញ គឺជាទីក្រុងមួយក្នុងចំណោមបណ្តាទីក្រុងទាំងបីនៅកម្ពុជាដែលត្រូវបានជ្រើសរើសចូលរួមក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) ដែលនឹងទទួលបានផលប្រយោជន៍ពីការវិនិយោគរបស់ជប៉ុននៅក្នុងការបង្កើតការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព។

- Video Advertisement -