អ្នកជំនាញ៖ សំណើមខ្យល់ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់អាចជាមុខសញ្ញាពន្លឿនការចម្លងមេរោគកូរ៉ូណាថ្មី
តើមេរោគកូរ៉ូណា អាចឆ្លងតាមរយៈខ្យល់បានទេ? សំណួរនេះ នៅតែមិនទាន់មានការបកស្រាយឱ្យបានដាច់ស្រេចប្រកបដោយលក្ខណៈវិទ្យាសាស្ត្រអាចជឿទុកចិត្តបាននៅឡើយ។ ទោះបីយ៉ាងណាក៏ដោយ មានភស្តុតាងមួយចំនួន កំពុងត្រូវបានអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ខូវីដ ១៩ អាចរីករាលដាលតាមប្រព័ន្ធខ្យល់សាយពីម៉ាស៊ីនត្រជាក់ អាស្រ័យលើប្រភេទឌីសាញរបស់ម៉ាស៊ីនត្រជាក់នោះ។
ភស្តុតាងបញ្ជាក់ថា កូវីដមានលទ្ធភាពអាចឆ្លងតាមរយៈប្រព័ន្ធខ្យល់ក្នុងម៉ាស៊ីនត្រជាក់៖
ការសិក្សារកឃើញថា កម្មករធ្វើការនៅលើកប៉ាល់ ដាយមឹនព្រីនស៍ (Diamond Princess cruise ship) ធ្វើឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៅជប៉ុន ដែលបានឡើងពី ១០ ទៅជាង ៦០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍។
គឺចរន្តខ្យល់ចេញពីម៉ាស៊ីនត្រជាក់នៅក្នុងនាវានោះតែម្តង ដែលជាមុខសញ្ញាដែលគេចាប់អារម្មណ៍ជាងគេក្នុងការសាយភាយ និងចម្លងមេរោគនេះ។ ក្រុមអ្នកជំនាញបាននិយាយថា “ចរន្តខ្យល់នៅលើកប៉ាល់ អាចដើរតួយ៉ាងសំខាន់ក្នុងការសាយភាយមេរោគ។” នេះបើយោងតាមការចេញផ្សាយរបស់កាសែតសៅឆាយណាម៉នីងផុស ( SCMP )។

ករណីឆ្លងតាមប្រព័ន្ធខ្យល់ក្នុងម៉ាស៊ីនត្រជាក់ក្នុងនាវានេះ ត្រូវបានអ្នកវិទ្យាសាស្ត្រសាំងហ្គាពួរស្រាវជ្រាវបន្ថែម ដោយធ្វើការពិសោធនៅក្នុងបន្ទប់សាកល្បងពិសោធន៍បីដាច់ដោយឡែកពីគ្នា ដើម្បីតាមដានមើលផ្លូវចម្លងមេរោគនេះ។
ដំណឹងល្អពីការស្រាវជ្រាវនេះ គឺថាការធ្វើតេស្តិ៍ខ្យល់ត្រឡប់ដែលបានប្រើហើយពីក្នុងបន្ទប់ បង្ហាញលទ្ធផលអវិជ្ជមាន ដែលមានន័យថា មេរោគនេះមិនរស់នៅក្នុងខ្យល់ដូចមេរោគឆ្លងខ្លាំងផ្សេងទៀតទេ។
ប៉ុន្តែ ដំណឹងអាក្រក់នោះគឺថា សំណាកពិសោធន៍ដែលគេដកចេញពីកន្លែងបំភាយខ្យល់ក្នុងម៉ាស៊ីនត្រជាក់ បង្ហាញលទ្ធផលតេស្តវិជ្ជមាន។ នេះមានន័យថា លំហូរខ្យល់ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់អាចនាំដំណក់ទឹកតូចៗដែលផ្ទុកវីរុសកូវីដ១៩នេះបាន ហើយវាទើរជាប់នៅនឹងគ្រឿងផ្គុំម៉ាស៊ីន ដូចជារន្ធបញ្ចេញខ្យល់របស់ម៉ាស៊ីនជាដើម។
“សម្រាប់ប្រភេទម៉ាស៊ីនត្រជាក់ដែលគេឌីហ្សាញសម្រាប់កាប៉ាល់ អាចនឹងមានភាពឆ្លងបាន ដោយសារប្រព័ន្ធខ្យល់ក្នុងម៉ាស៊ីនត្រជាក់ប្រភេទនេះ មានបញ្ចូលខ្យល់ទាំងខាងក្នុង និងខាងក្រៅបន្ទប់ ឬសាល ដើម្បីសន្សំសំចៃថាមពល។” នេះជាប្រសាសន៍របស់អ្នកជំនាញឈ្មោះ ឈីងវ៉ាន ឈិន (Qingyan Chen), សាស្ត្រាចារ្យផ្នែកវិស្វកម្មមេកានិច ជូនព័ត៌មានដល់សាកលវិទ្យាល័យភ្យួឌូ (Purdue University) កាលពីពីរសប្តាហ៍មុន។
លោកសាស្រ្តាចារ្យ ឈិន បានបន្តថា “…បញ្ហា គឺថាប្រព័ន្ធទាំងនេះមិនអាចច្រោះភាគល្អិតតូចជាង ៥០០០ណាណូម៉ែត្រ បានទេ។ ប្រសិនបើមេរោគកូរ៉ូណានេះ មានទំហំប៉ុនពពួកមេរោគ SARS ដទៃទៀត ដែលមានទំហំអង្កត់ផ្ចិត ១២០ណាណូម៉ែត្រ មែននោះ វាមានន័យថា ប្រព័ន្ធម៉ាស៊ីនត្រជាក់នឹងបន្សាយមេរោគទៅក្នុងបន្ទប់ទាំងអស់។”
ជាដំណោះស្រាយ លោកបានផ្តល់អនុសាសន៍ថា “នាវាកម្សាន្តនេះ អាចកាត់បន្ថយបញ្ហានេះបានដោយគ្រាន់តែប្រើម៉ាស៊ីនត្រជាក់ដែលស្រូបខ្យល់អាកាសពីក្រៅ ហើយកុំឱ្យទាញយកខ្យល់ពីក្នុងយកមកប្រើឡើងវិញ។”
សូមបញ្ជាក់ថា អ្នកជំនាញ ឈីងវ៉ាន ឈិន (Qingyan Chen) បានស្រាវជ្រាវពីការរីករាលដាលនៃភាគល្អិតខ្យល់ នៅក្នុងយានដឹកអ្នកដំណើរ។ នាពេលកន្លងមក ក្រុមស្រាវជ្រាវរបស់លោកបានបង្កើតគំរូសម្រាប់ការបង្ហាញពីរបៀបដែលជំងឺផ្តាសាយ H1N1-A និងភ្នាក់ងារបង្កជំងឺដទៃទៀត សាយភាយឆ្លងកាត់កាប៊ីនយន្ដហោះ។
ម៉ាស៊ីនត្រជាក់សម្រាប់អគារ អាចមានបញ្ហា៖
បើប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់នាវា ដែលត្រូវបានគេសង្ស័យថា ជាផ្លូវឆ្លងសម្រាប់មនុស្ស ៧០០ នាក់រួចមកហើយនោះ និងការពិសោធបន្ថែមដោយអ្នកវិទ្យាសាស្ត្រសិង្ហបុរី ទឡ្លីករណ៍ទាំងនេះ កាន់តែបញ្ជាក់ច្បាស់ថា សំណើមខ្យល់ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អគារក៏អាចជាមុខសញ្ញា ដែលអ្នកស្រាវជ្រាវកំពុងយកចិត្តទុកដាក់បន្ថែម។

លទ្ធផលវិជ្ជមាននៃមេរោគដែលអាចរស់ក្នុងដំណក់ទឹកសំណើមក្នុងម៉ាស៊ីនត្រជាក់ គឺជាសញ្ញាណវិជ្ជមានដ៏គួរឱ្យព្រួយបារម្ភមួយ។ ជាពិសេសសម្រាប់អគារ ដែលប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់រួមធំៗ សម្រាប់សាលធំៗ ឬមានមជ្ឈមណ្ឌលខ្យល់តែមួយសម្រាប់បន្ទប់ច្រើន។
សូមបញ្ជាក់ថា មានប្រព័ន្ធម៉ាស៊ីនត្រជាក់ជាច្រើនដែលយើងប្រើសព្វថ្ងៃ ដែលប្រើប្រព័ន្ធកែច្នៃខ្យល់ខាងក្នុងយកមកប្រើឡើងវិញ ក្នុងរបៀបដូចគ្នាទៅនឹងម៉ាស៊ីនដែលប្រើនៅលើនាវាទេសចរណ៍ដាយមឹនព្រីនស៍ (Diamond Princess cruise ship) នោះដែរ។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញ ដែលបានផ្តល់សម្ភាសន៍ក្នុងសារព័ត៌មានញូវហឹប (Newshub)។
“ប្រសិនបើ ទំហំមេរោគកូវីដ ១៩ នេះ តូចដូចពពួកវីរុសសារស៍ (SARS virus) ដែរនោះ មានន័យថា ប្រព័ន្ធចម្រោះខ្យល់ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់កប៉ាល់ទេសចរណ៍ និងប្រព័ន្ធត្រងខ្យល់របស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលគេឌីហ្សាញសម្រាប់ប្រើក្នុងអគារមិនអាចចាប់បានទេ។” យោងតាម ការចុះផ្សាយរបស់ កាសែត ដឹ តេឡេក្រាហ្វ (The Telegraph) ។
ប្រឈមនឹងហានិភ័យនេះ ការរចនា និងថែរក្សាអនាម័យក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ គឺជាគន្លឹះនៃសុខុមាលភាពរបស់អ្នកប្រាស្រ័យក្នុងអគារ។
ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការបន្ថយសំណើមក្នុងប្រព័ន្ធខ្យល់ ព្រមទាំងការបង្កើតកម្រិតច្រោះនៅក្នុងប្រព័ន្ធខ្យល់ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការកាត់បន្ថយការចម្លងវីរុសដែលឆ្លងតាមខ្យល់។
ការដំឡើងកម្រិតស្តង់ដារម៉ាស៊ីនត្រជាក់នេះ គួរធ្វើឡើងដល់កម្រិតប្រហាក់ប្រហែលកម្រិតដែលគេប្រើដើម្បីរក្សាខ្យល់អាកាសបរិសុទ្ធនៅក្នុងបន្ទប់ប្រតិបត្តិការមន្ទីរពេទ្យ និងបន្ទប់ស្អាតក្នុងឧស្សាហកម្មដែរ។
ម៉ាស៊ីនត្រជាក់ក្នុងកប៉ាល់ អាចមានភាពឆ្លងអាក្រក់ជាងប្រព័ន្ធខ្យល់ក្នុងយន្តហោះ
យោងតាមអ្នកជំនាញផ្នែកគុណភាពខ្យល់នៃសាកលវិទ្យាល័យភ្យួឌូ (Purdue University) បានឱ្យដឹងថា ប្រព័ន្ធម៉ាស៊ីនត្រជាក់នាវាកម្សាន្ត មិនត្រូវបានគេរចនាឡើងដើម្បីច្រោះយកភាគល្អិតតូចៗ ដូចជាមេរោគឆ្លងទេ។ នេះ គឺជាកត្តាចម្បងដែលអនុញ្ញាតឱ្យមេរោគនេះអាចឆ្លងរាលដាលដល់កាប៊ីនផ្សេងទៀតនៅក្នុងកប៉ាល់។

ដើម្បីដោះស្រាយបញ្ហានេះ ទាំងការឌីហ្សាញប្រព័ន្ធចម្រោះខ្យល់ក្នុងម៉ាស៊ីនត្រជាក់អគារ និងម៉ាស៊ីនត្រជាក់កប៉ាល់កម្សាន្ត អាចយកតម្រុយតាមប្រភេទប្រព័ន្ធមួយចំនួនក្នុងយន្តហោះ។ ការរកឃើញរបស់លោកឈិន និងក្រុមស្រាវជ្រាវរបស់លោក អំពីលក្ខណៈរស់ក្នុងខ្យល់បាននៃពពួកមេរោគ (SARS) អាចផ្តល់ការយល់ដឹងអំពីបន្ថែមអំពីមេរោគកូរ៉ូណានេះ។
លោកសាស្ត្រាចារ្យ ឈិន បាននិយាយថា “ចំពោះយន្តហោះ មេរោគកូរ៉ូណាទំនងជាឆ្លងរាលដាលតាមរយៈការប៉ះ ជាជាងតាមប្រព័ន្ធខ្យល់សាយតាមម៉ាស៊ីនត្រជាក់។ ព្រោះប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងយន្ដហោះ មានសមត្ថភាពច្រោះបំណែកតូចៗដូចជាវីរុសជាដើមបានយ៉ាងមានប្រសិទ្ធភាពជាង។”
កូរ៉ូណាអាចរស់បានក្នុងខ្យល់?
ករណីលទ្ធភាពឆ្លងវីរ៉ុសខូវីដ ១៩ តាមរយៈខ្យល់នេះ នៅមានភាពចម្រូងចម្រាស់រវាងអ្នកជំនាញនៅឡើយ។ ទោះយ៉ាងណាក៏ដោយ “ការឆ្លងកូរ៉ូណាតាមខ្យល់ គឺអាចទៅរួច” នេះបើយោងតាមការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសថ្មីនៅសប្តាហ៍នេះ ពីអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យព្រីនស្តុន UCLA និងវិទ្យាស្ថានសុខភាពជាតិ (អង់គ្លេស)។ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា វីរុសនេះអាចនៅរស់ក្នុងខ្យល់រហូតដល់ ៣ម៉ោង។
វីរុសខូវីដ-១៩ អាចស្ថិតនៅក្នុងសំណើមខ្យល់ បានរហូតដល់ ៣ម៉ោង និងអាចរស់មានជីវិតនៅលើផ្លាស្ទិច និងកន្លែងប៉ះពាល់ផ្សេងទៀតរហូតដល់ទៅបីថ្ងៃ នេះបើយោងតាមការសិក្សាដែលរង់ចាំការត្រួតពិនិត្យពីក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យព្រីនស្តុន (Princeton University) សាកលវិទ្យាល័យកាលីហ្វ័រញ៉ា – ឡូសអេនជឺលេស (the University of California-Los Angeles) និងវិទ្យាស្ថានសុខភាពជាតិអាមេរិក (NIH) ដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិតកាលពីអាទិត្យមុន។

ពាក់ព័ន្ធនឹងករណីឆ្លងវីរ៉ុស ដោយប្រយោលនេះ កាលពីថ្ងៃ ១១ ខែ មីនា ប្រទេសសិង្ហបូរីបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួន ១០ ករណីដែលពាក់ព័ន្ធនឹងអ្នកជំងឺ ដែលមិនមានប្រវត្តិធ្វើដំណើរទៅប្រទេសចិន និងមិនធ្លាប់ទៅទីកន្លែងដែលពួកគេមានទំនាក់ទំនង និងករណីឆ្លងមុនៗទេ។ នេះបើតាម ប្រភពព័ត៌មានស្ត្រែថថាមស៍ (straitstimes) របស់សាំងហ្គាពួរ។
ករណីកម្ពុជា៖ ប្រព័ន្ធម៉ាស៊ីនត្រជាក់នៅសណ្ឋាគារ The Great Duke មន្ទីរពេទ្យថែទាំអ្នកជំងឺ COVID-19
យោងករណីសិក្សាខាងលើ មេរោគ ខូវីដ១៩ អាចមានលទ្ធភាពសាយភាយក្នុងបរិយាកាសដែលប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលមិនមានប្រព័ន្ធចម្រោះមេរោគភាគល្អិតដល់កម្រិតអាចចាប់វាបាន។ ចន្លោះប្រហោងនេះ នឹងអនុញ្ញាតឱ្យមេរោគអាចសាយភាយទៅកាប៊ីនផ្សេងៗ ឬបន្ទប់ផ្សេងៗទៀតបាន។
បើពិតជាដូច្នោះមែន នេះគឺជាក្តីព្រួយបារម្ភមួយខ្លាំងសម្រាប់កន្លែងចត្តាឡីស័ក (Quarantine) កន្លែងព្យាបាលជំងឺនេះ ដូចជានៅតាមមន្ទីរពេទ្យ និងអគារផ្សេងៗជាដើម ដែលប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់សាមញ្ញដែលបំប្លែងខ្យល់ពីខាងក្នុងបន្ទប់អ្នកផ្ទុកមេរោគយកមកប្រើឡើងវិញ។

គួររំលឹកថា រដ្ឋាភិបាលកម្ពុជា ទើបតែបានសម្រេចយកសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អ៊ិនធើខន) ធ្វើជា មន្ទីរពេទ្យ ពិនិត្យ និងព្យាបាលជំងឺ កូវីត១៩ ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ។ (អានបន្ថែម)
មិនមានប្រភពច្បាស់ការណ៍ បង្ហាញអំពីប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលប្រើក្នុងសណ្ឋាគារនេះ និងលទ្ធភាពឆ្លងបែបនេះ នៅក្នុងអគារនេះនៅឡើយទេរហូតមកដល់ពេលនេះ។ ទោះយ៉ាងណាក៏ដោយ នេះគឺជាការព្រួយបារម្ភមួយ។ យោងករណីសិក្សាខាងលើ រដ្ឋាភិបាល ឬស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល គួរមានស្មារតីប្រុងប្រយ័ត្នចំពោះលទ្ធភាពឆ្លងតាមសំណើមខ្យល់ប្រព័ន្ធម៉ាស៊ីនត្រជាក់នេះ។ ម្យ៉ាងទៀត គួរមានវិធានការសិក្សាលទ្ធភាពឆ្លងតាមប្រព័ន្ធខ្យល់នៅក្នុងសណ្ឋាគារ The Great Duke នេះ ដើម្បីទប់ស្កាត់ និងបញ្ចៀសទំហំរីករាលដាលដែលយើងមិននឹកស្មានដល់តាមដែលអាចធ្វើទៅបាន។
ទោះយ៉ាងណាក្តី ករណីលទ្ធភាពឆ្លងវីរ៉ុសប្រភេទនេះ តាមប្រព័ន្ធម៉ាស៊ីនត្រជាក់ គួរត្រូវបានយកជាបទពិសោធន៍ ដើម្បីសង្គមមនុស្ស ជាពិសេសសម្រាប់អ្នកវិទ្យាសាស្ត្រខាងផ្នែកមេរោគឆ្លង និងក្រុមហ៊ុនឌីសាញប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងពិភពលោក យកជាមេរៀនបង្តើនកម្រិតគុណភាព និងសមត្ថភាពបង្ការ និងកម្ចាត់មេរោគឆ្លងក្នុងទម្រង់ដូចគ្នានេះ សម្រាប់ថ្ងៃអនាគតផងដែរ៕

