អ្នកជំនាញ៤រូប ពី EuroCham និង CBRE នឹងមកផ្ដល់ចំណេះដឹងអំពីនិន្ននាស្តង់ដារអចលនទ្រព្យ
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ឬ EuroCham នឹងរៀបចំសន្និសីទអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងដល់សាធារណជនអំពីនិយមន័យ និងសារៈសំខាន់នៃស្ដង់ដារ RICS ដែលគេនិយមប្រើទូទៅនៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យ ទាំងក្នុងស្រុក និងអន្តរជាតិ។
កម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃទី ១៦ កញ្ញា ក្រោមប្រធានបទ៖ « សារៈសំខាន់នៃស្តង់ដារនៅក្នុងឧស្សាហកម្មអចលនទ្រព្យ – ករណីសិក្សា៖ ស្តង់ដារ RICS»។
វគ្គសិក្ខាសាលាអនឡាញនេះ នឹងប្រមូលផ្តុំសុទ្ធសឹងតែអ្នកជំនាញ ផ្នែកសំណង់ និងអចលនទ្រព្យ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងវិស័យនេះ។
វាគ្មិនទាំងនោះរួមមាន អនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់របស់ EuroCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន WB Sport Village លោក Simon VANCLIFF នាយកគ្រប់គ្រង CBRE Cambodia លោក James HODGE នាយករង CBRE Cambodia លោក Lawrence LENNON និងអ្នកនាង CHIN Daluch អ្នកជំនាញជាន់ខ្ពស់ផ្នែក AssocRICS ។
ដោយឡែក ប្រធានបទដែលនឹងពិភាក្សានៅក្នុងសិក្ខាសាលានេះ រួមមាននិយមន័យ និងព័ត៌មានមូលដ្ឋានរបស់ RICS ប្រភេទអចលនទ្រព្យដែលអាចវាយតម្លៃបាន វិធីសាស្រ្តដែលត្រូវអនុវត្តនៅពេលវាយតម្លៃ បទពិសោធន៍ថ្មីៗនៃ AssocRICS ក៏ដូចជាវគ្គសំណួរចម្លើយ ជាដើម។
វគ្គសិក្ខាសាលាអនឡាញនេះ គឺភាគទី ១ នៃសិក្ខាសាលាអនឡាញ ៣ របស់ EuroCham ទាក់ទិននឹងវិស័យអចលនទ្រព្យក្នុងខែកញ្ញានេះ។ សិក្ខាសាលាពីរផ្សេងទៀតនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២២ និង ២៧ ខែកញ្ញា លើប្រធានបទ និន្នការអគារបៃតង និងហានិភ័យនៃសម្ភារៈសំណង់នៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះសូមចូលទៅកាន់គេហទំព័រ EuroCham ចុចទីនេះ។

