អ្នកម៉ៅការសាងសង់អាស៊ានសម្រេចពីស្តង់ដារកម្មករ
បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ សហព័ន្ធអ្នកម៉ៅការសាងសង់អាស៊ាន (ACF) បានសម្រេចបញ្ចប់នូវសេចក្តីព្រាងស្តីពីការបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មស្តង់ដារសំណង់អាស៊ាន (ACSTST) ដែលមានគោលបំណងអនុវត្តនូវស្តង់ដាររួមមួយបង្កើតជំនាញសម្រាប់កម្មករនៅក្នុងតំបន់។
ក្រុមការងារបច្ចេកទេសរបស់ ACF បានជួបជុំគ្នានៅថ្ងៃទី ២៤ ដល់ទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និងមានការចូលរួមពីប្រទេសសមាជិកអាស៊ានចំនួនប្រាំបី លើកលែងប្រទេសឡាវ និងប្រទេសប្រ៊ុយណេ ដែលមិនបានចូលរួមនៅឡើយ។ ក្រុមការងារនេះបានជួបជុំគ្នាដោយមានការប្រឹក្សាពិគ្រោះយោបល់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍ឧស្សាហកម្មសំណង់ម៉ាឡេស៊ី (CIDB) ដើម្បីអនុម័តលើសេចក្តីព្រាងចុងក្រោយ លើស្តង់ដារបណ្តុះបណ្តាលជំនាញ។
ពួកគេបានព្រមព្រៀងគ្នាថា ជំនាញសាងសង់មូលដ្ឋានសម្រាប់កម្មករសាងសង់ដែលត្រូវបណ្តុះបណ្តាលនៅទូទាំងអាស៊ាននោះមានដូចជា ការងាររចនាសម្ព័ន្ធដែក ការងារពង្រឹកដែកថែប ការងាររៀបឥដ្ឋ ការងារបូកជញ្ជាំង ការងារប្រក់ក្បឿង និងប្រព័ន្ធពុម្ពសំណង់ និងរន្ទា។ ការពិភាក្សាបានពង្រីកទៅដល់កម្រិតជំនាញរបស់កម្មករ ស្តង់ដារគុណវុឌ្ឍិ សមត្ថភាពមូលដ្ឋានទូទៅ និងស្នូលរបស់កម្មករ ស្តង់ដារបណ្តុះបណ្តាល និងការវាយតម្លៃ ព្រមទាំងការរៀបចំវិញ្ញាបនប័ត្រ។
ដោយសារតែភាពខុសគ្នានៃស្តង់ដារ និងការអនុវត្តនៅក្នុងប្រទេសនីមួយៗ កិច្ចប្រជុំនេះបានស្នើសុំអនុសាសន៍ចុងក្រោយពីប្រទេសសមាជិកនីមួយៗត្រឹមថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៧ ដោយមានការរួមចំណែកទទួលខុសត្រូវផ្សេងៗគ្នាក្នុងចំណោមសមាជិកនីមួយៗរបស់សមាគម។ អ្នកម៉ៅការសាងសង់ឥណ្ឌូនេស៊ីនឹងពិនិត្យឡើងវិញនូវការងារបូកជញ្ជាំង អ្នកម៉ៅការសាងសង់វៀតណាមនឹងវាយតម្លៃលើការងារប្រក់ក្បឿង អ្នកម៉ៅការសាងសង់ថៃនឹងពិនិត្យលើការងាររៀបឥដ្ឋ សិង្ហបុរីមើលលើការពង្រឹកដែកថែប ហ្វីលីពីននឹងមើលលើប្រព័ន្ធតម្លើងពុម្ពនិងរន្ទា ហើយម៉ាឡេស៊ីមើលលើរចនាសម្ព័ន្ធដែក។ ដោយឡែកកម្ពុជា និងឡាវ មិនអាចពិនិត្យឡើងវិញនូវវគ្គសិក្សាណាមួយនោះទេ ដោយសារថាប្រទេសទាំងពីរមិនទាន់មានស្តង់ដារណាមួយដែលអាចប្រៀបធៀបបាននៅឡើយ។
ការអនុម័តចុងក្រោយលើវគ្គបណ្តុះបណ្តាលកម្មករជំនាញត្រូវបានរំពឹងថានឹងត្រូវសម្រេចចុងក្រោយ និងអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ACF លើកទី ៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២១ ខែមេសា។
សហព័ន្ធអ្នកសាងសង់អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ១៩៨៥ និងប្រារព្ធកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រចាំឆ្នាំចំនួនពីរក្នុងមួយឆ្នាំសម្រាប់រយៈពេល ៣១ ឆ្នាំជាប់គ្នាមកហើយ ដែលក្នុងនោះ សមាជិកក្រុមប្រឹក្សាពិភាក្សាអំពីបញ្ហាអាជីវកម្មដែលកើតឡើងនៅក្នុងឧស្សាហកម្មសំណង់អាស៊ាន។
សមាគមអ្នកម៉ៅការសាងសង់ទាំងប្រាំបីដែលតំណាងឲ្យក្រុមហ៊ុនឯកជនរកស៊ីក្នុងវិស័យសំណង់នៅក្នុងអាស៊ានមានដូចជា សមាគមអ្នកងសង់កម្ពុជា (CCA) សមាគមអ្នកម៉ៅការសាងសង់ឥណ្ឌូនេស៊ី (ICA) សមាគមអ្នកសាងសង់ជំនាញម៉ាឡេស៊ី (MBAM) សមាគមអ្នកម៉ៅការសាងសង់ហ្វីលីពីន (PCA) សមាគមអ្នកម៉ៅការសាងសង់សឹង្ហបុរីលីមីតធីត (SCAL) សមាគមអ្នកម៉ៅការសាងសង់ថៃ (TCA) សមាគមអ្នកម៉ៅការសាងសង់វៀតណាម (VACC) និងសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា(MCEA) ។
ប្រទេសឡាវក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចូលរួមក្នុង ACF ប៉ុន្តែអាចចូលរួមក្នុងកិច្ចប្រជុំលើកទី ៤១ ក្នុងនាមជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ។ ខណៈពេលដែលសមាគមអ្នកម៉ៅការសាងសង់ថៃ (TCA) ត្រូវបានផ្តល់កិច្ចការឲ្យនាំយកប្រទេសឡាវចូលក្នុងសហព័ន្ធ មានការរំពឹងថាប្រទេសមិនជាប់សមុទ្រមួយនេះនឹងក្លាយជាសមាជិកទីប្រាំបួន បន្ទាប់ពីបង្កើតសមាគមអ្នកម៉ៅការសាងសង់ក្នុងប្រទេសរបស់ខ្លួនរួច។
សមាជិកភាពរបស់ប្រទេសប្រ៊ុយណេដារូសាឡឹមវិញ ហាក់ត្រូវការពេលវេលាច្រើនទៀត ដោយហេតុថាប្រទេសនេះមិនទាន់សមាគមអ្នកម៉ៅការសាងសង់ និងមិនទាន់បង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការចូលរួមក្នុងសហព័ន្ធនៅឡើយ។
- Video Advertisement -