អ្នកឧកញ៉ា ពុង ឃាវសែ ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីរាជបណ្ឌិត្យសភាកម្ពុជា
នៅក្នុងពិធីសម្ពោធអគារឥន្រ្ទទេវីរបស់រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់គោរមងារកិត្តិយសជូនដល់គោរមវន្តចំនួន៦រូប ព្រមទាំងប្រគល់សញ្ញាបត្រកិត្តិបណ្ឌិតជូនឥស្សរជនចំនួន៣រូប និងប្រគល់សញ្ញាបត្រជូនជ័យលាភីថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជាសរុបចំនួន១១រូបផងដែរ។
ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រគល់សញ្ញាប័ត្រកត្តិបណ្ឌិត ផ្នែករដ្ឋបាលធុរកិច្ច ជូនដល់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាវិនិយោគិនដ៏ល្បីល្បាញ ដោយទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេងរបស់អ្នកឧកញ៉ា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា “អគារឥន្ទ្រទេវី ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា និងកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ”។
គួរបញ្ជាក់ផងដែរថា អគារឥន្រ្ទទេវី គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ដែលបានចំណាយថវិកាក្នុងការសាងសង់ ក្នុងទឹកប្រាក់ចំនួនជាង ១,៥៤លានដុល្លារ។
អ្នកឧកញ៉ា ពុង ឃាវ សែ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងប្រលានយន្តហោះតម្លៃ១,៥ ប៊ីលានដុល្លារអាមេរិក កន្លងមកធ្លាប់បានប្រកាសប្តេជ្ញាធ្វើយ៉ាងណាសាងសង់ប្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឲ្យបានសម្រេច មុនលោកឈានចូលនិវត្តន៍នៅវ័យ៨៧ឆ្នាំ ដើម្បីទុកជាស្នាដៃដ៏ធំមួយទៀតសម្រាប់ប្រទេសកម្ពុជា។
គួររំឭកថា ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា បានវិនិយោគលើគម្រោងធំៗជាច្រើននៅកម្ពុជាដូចជា ទីក្រុងអភិវឌ្ឍន៍កោះពេជ្រ ទីក្រុងអូទ្បាំព្យា និងជាពិសេសគម្រោងទីក្រុងរណបជ្រោយចង្វារដែលកំពុងដំណើរការអភិវឌ្ឍន៍យ៉ាងសកម្ម។ បច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវសែ ក៏ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជាផងដែរ៕


