ឥណទានកាបូនជាអ្វី? មានន័យដូចម្ដេចសម្រាប់កម្ពុជា និងមានសារៈសំខាន់យ៉ាងណា?

ឥណទានកាបូន គឺប្រៀបដូចនឹងលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗមានសិទ្ធិបញ្ចេញឧស្ម័នពុល (ឬកាបូនឌីអុកស៊ីត) ទៅក្នុងបរិស្ថាន។ ជាទូទៅ ឥណទានចំនួន១ គឺស្មើនឹងសិទ្ធិបញ្ចេញឧស្ម័នពុលចំនួន ១តោន ទៅក្នុងបរិស្ថាន។

ចំនួនលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗទទួលបាន គឺត្រូវកំណត់ដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដោយពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលនឹងកាត់បន្ថយចំនួនឥណទានកាន់តែតិចទៅៗ ក្នុងគោលបំណងដើម្បីការពារបរិស្ថាន។

លក្ខខណ្ឌនេះត្រូវបង្កើតឡើង ក្រោយប្រទេសជាច្រើនលើសកលលោក ដោយយល់ឃើញថាបញ្ហាឧស្ម័នពុលបាននឹងកំពុងគម្រាមកំហែងបរិស្ថាន ដូច្នេះប្រទេសនីមួយៗត្រូវតែប្ដេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នពុលរៀងៗខ្លួន។ ជាក់ស្ដែង កម្ពុជាបានប្ដេជ្ញាថានឹងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤២% ត្រឹមឆ្នាំ២០៣០។

ការកាត់បន្ថយ ឧស្ម័នពុលនេះទៀតសោត អាចធ្វើបានតាម ២វិធី គឺទី ១ កាត់បន្ថយចំនួនឥណទាន ឬសិទ្ធិបញ្ចេញឧស្ម័នពុលរបស់ក្រុមហ៊ុនឯកជននានា ឬទី ២ បន្ថែមចំនួនព្រៃឈើដែលអាចស្រូបយកឧស្ម័នពុលបាន។ ដូច្នេះ និយមន័យមួយទៀតនៃឥណទានកាបូន គឺចំនួនព្រៃឈើដែលដាំថ្មី ឬព្រៃឈើចាស់មានស្រាប់ដែលរក្សាទុក ហើយអាចស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១តោន។ ឧទាហរណ៍ ប្រទេស ឬក្រុមហ៊ុន A បានដាំព្រៃឈើបន្ថែមក្នុង ១ឆ្នាំ ១០ ម៉ឺនហិកតា ដែលអាចជួយស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១០ តោន បានន័យថា ប្រទេស ឬក្រុមហ៊ុន A នឹងមានឥណទានកាបូន ១០ឯកតា។

និយាយឱ្យងាយយល់ ឥណទានកាបូនចំនួន ១ អាចជា សិទ្ធិបញ្ចេញឧស្ម័នពុល ១ តោន ឬ អាចជាចំនួនឧស្ម័នពុល ១តោន ដែលត្រូវបានស្រូបដោយព្រៃឈើដែលដាំថ្មីដោយក្រុមហ៊ុន ឬប្រទេសណាមួយ។

ឥណទាននេះទៀតសោត គឺអាចទិញលក់បាន ក្នុងច្រើនរូបភាព និងច្រើនប្រភេទទីផ្សារ អាស្រ័យលើប្រទេសនីមួយៗ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ ប៉ុន្តែ មាន២ ប្រភេទធំៗដែលពេញនិយម គឺការទិញរវាងក្រុមហ៊ុនដែលនៅសល់ឥណទាន និងការទិញពីក្រុមហ៊ុន ឬប្រទេសដែលមានព្រៃឈើច្រើន។

ឧទាហរណ៍ ក្រុមហ៊ុន A និងក្រុមហ៊ុន B ទទួលបានឥណទានកាបូនពីរដ្ឋ ១០ឯកតា ស្មើគ្នា ពោលអាចបញ្ចេញឧស្ម័នពុលម្នាក់ ១០តោន ក្នុង១ ឆ្នាំ។ ប៉ុន្តែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន A គឺធំខ្លាំង ដែលត្រូវការបញ្ចេញឧស្ម័នពុលដល់ទៅ ១៥តោន។

ក្រុមហ៊ុន A មានជម្រើស ៤ គឺ៖
-ទី១ ត្រូវបង់ថ្លៃផាកពិន័យទៅឱ្យរដ្ឋក្នុងការបញ្ចេញឧស្ម័នពុលលើសកំណត់ (ជាធម្មតា ថ្លៃពិន័យនេះគឺខ្ពស់)
-ទី២ បង្កើតបច្ចេកវិទ្យាផលិតថ្មីដែលកាត់បន្ថយការបញ្ចេញឧស្ម័នពុល ប៉ុន្តែវិធីនេះគឺត្រូវចំណាយពេលសិក្សាយូរ ដើមទុនវិនិយោគដំបូងច្រើន
-ទី៣ ទិញឥណទានកាបូន ឬសិទ្ធិបញ្ចេញឧស្ម័នពុលពីក្រុមហ៊ុន B ដែលនៅសល់ឥណទាន ព្រោះជាក្រុមហ៊ុនមានសង្វាក់ផលិតកម្មតូច ឬមានបច្ចេកវិទ្យាកាត់បន្ថយឧស្ម័នពុលក្នុងសង្វាក់ផលិតកម្ម
-ទី៤ ទិញឥណទានកាបូនពីបរទេស ឬក្រុមហ៊ុន C ផ្សេងមួយទៀត ដែលមានព្រៃឈើបៃតងច្រើន

ភាគច្រើនក្រុមហ៊ុន នឹងជ្រើសរើសយកជម្រើសទី៣ ឬ ទី៤ ព្រោះចំណាយតិចជាងជម្រើសទី១ និង ទី២។ កត្តានេះ បានធ្វើឱ្យក្រុមហ៊ុនជាច្រើនព្យាយាមធ្វើយ៉ាងណាកាត់បន្ថយឧស្ម័នពុលក្នុងសង្វាក់ផលិតកម្មឱ្យបានច្រើនបំផុត ដើម្បីមិនចាំបាច់ខាតបង់ចំណាយលើការទិញឥណទានកាបូន ដែលមានតម្លៃកាន់តែថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ។

ងាកមកប្រទេសកម្ពុជាវិញ បើយោងតាមឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន តាមរយៈនាយកដ្ឋានប្រែប្រួលអាកាសធាតុ កម្ពុជាមិនទាន់បានកំណត់ចំនួនឥណទានកាបូនសម្រាប់បណ្តាក្រុមហ៊ុន និងរោងចក្រនៅឡើយទេ។

ដូច្នេះឥណទានកាបូនដែលលក់ភាគច្រើន គឺក្នុងទម្រង់ទី៤ គឺឥណទានដែលកើតចេញពីគម្រោងបៃតង ឬតំបន់ការពារព្រៃឈើ។

ឯកឧត្តម មានប្រសាសន៍ថា ទាក់ទងនឹងការទិញលក់ឥណទានកាបូននេះទៀតសោត កម្ពុជាចូលរួមក្នុងទីផ្សារ ៤ធំៗ គឺ យន្តការអភិវឌ្ឍន៍ស្អាត (CDM) រេដបូក (REDD+) យន្តការឥណទានកាបូនរួមគ្នា (JCM) ) និង ទីផ្សារស្ម័គ្រចិត្ត (Voluntary markets)។

«កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១%នៃប្រទេសកម្ពុជា។ តាំងពីឆ្នាំ ២០១៦ មកដល់ឆ្នាំ ២០១៩ កម្ពុជាបានលក់ឥណទានកាបូន បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាមេរិកក្រោមលក្ខខណ្ឌរេដបូក(REDD+)» ឯកឧត្តមបានបន្ត។

ក្រោមលក្ខខណ្ឌនេះ កម្ពុជាមិនតម្រូវឱ្យក្រុមហ៊ុនដែលបានទិញឥណទានកាបូនពីកម្ពុជាមកវិនិយោគ ឬបើករោងចក្រនៅកម្ពុជាឡើយ។

សូមបញ្ជាក់ថា ការលក់ឥណទានកាបូននៅកម្ពុជា គឺចែកចេញជា ២ គម្រោង ពោលគឺ ទី១នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង ( ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ)។

បច្ចុប្បន្ននេះ ក្រសួងបរិស្ថាននិងដៃគូបាននិងកំពុងរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។

ដោយឡែក ក្រុមហ៊ុនដែលបានទិញឥណទានការបូនក្នុងទីផ្សារស្ម័គ្រចិត្ត មានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ លើសពីនេះ ប្រទេសអង់គ្លេសកាលពីថ្មីៗនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញឥណទានកាបូនពីកម្ពុជាផងដែរ។

គួបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។

យ៉ាងណាមិញ ងាកមកវិស័យសំណង់វិញ តើឥណទានកាបូនមានន័យយ៉ាងដូចម្ដ៉េច?

តាមច្បាប់ ប្រទេសកម្ពុជាមិនទាន់បានកំណត់តម្លៃឥណទានកាបូនពីវិស័យសំណង់នៅឡើយទេ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរៀបអនុក្រឹត្យស្តីពីវិធាន និងនីតិវិធីយន្តការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

ដូចដែលបានដឹងស្រាប់ គ្រប់គម្រោងសំណង់ទាំងអស់ សុទ្ធសឹងតែជាសកម្មភាពដែលបញ្ចេញឧស្ម័នពុលទៅក្នុងបរិស្ថាន។

ដូច្នេះ បើរដ្ឋចាប់ផ្ដើមចេញយន្តការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក៏នឹងធ្វើឱ្យក្រុមហ៊ុនសំណង់នីមួយៗ ងាកមកសិក្សា និងស្រាវជ្រាវលើបច្ចេកវិទ្យាថ្មីដែលជួយឱ្យការសាងសង់ប៉ះពាល់ដល់បរិស្ថានតិចបំផុតផងដែរ។ ទៅអនាគត ពួកគេមិនចាំបាច់សុំសិទ្ធិបញ្ចេញឧស្ម័នពុលបន្ថែម ឬបើសល់ឥណទាន ក៏អាចលក់ចំណេញទៀតផង។


គួរបញ្ជាក់ផងដែរ ទាក់ទិននឹងទីផ្សារលក់ឥណទានកាបូនេះ គឺមានច្រើនទីផ្សារ ដែលមានលក្ខខណ្ឌ និងកិច្ចព្រមព្រៀងផ្សេងៗគ្នា ដែលមានកិច្ចព្រមព្រៀងខ្លះកម្ពុជាបានចូលរួម និងខ្លះទៀតកម្ពុជាមិនបានចូលរួម។ ប៉ុន្តែអត្ថបទ នេះមិនសង្កត់ធ្ងន់ទៅលើចំណុចនេះទេ តែគ្រាន់តែបញ្ជាក់ជារួមថាអ្វីទៅជាឥណទានកាបូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]