៤ គម្រោងជាសមិទ្ធិផលសំរាប់អបអរសាទរ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ
រដ្ឋាភិបាលកម្ពុជានឹងដាក់អោយប្រើប្រាស់នូវគំរោងសមិទ្ធិផលចំនួន៤ ជូនដល់ប្រជាពលរដ្ឋអោយបានប្រើប្រាស់។ គំរោងសំខាន់ៗទាំងបួនរួមមានដូចជា ស្ពានអាកាសផ្សារដីហុយ ផ្លូវរថភ្លើងដែលចេញពីស្ថានីយភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មធ្យោបាយធ្វើដំណើរផ្លូវទឹកពីព្រែកព្នៅទៅក្រុងតាខ្មៅ និងស្ពានបេឡេឆ្លងកាត់ទន្លេសាប។

ស្ពានអាកាសផ្សារដីហុយគឺជាគំរោងស្ពានអាកាសទី៥ដែលកើតមាននៅក្នុងទីក្រុងភ្នំពេញ និងបានចាប់ផ្ដើមសាងសង់ឡើងក្នុងកំឡុងខែសីហា ឆ្នាំ២០១៦។ ស្ពានមួយនេះស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានបណ្ដោយ៩០៥ម៉ែត្រ និងទទឹង១៦.៥ម៉ែត្រ។

ផ្លូវរថភ្លើងមួយខ្សែរនេះគឺចេញពីស្ថានីយដឹកអ្នកដំណើរភ្នំពេញឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយនឹងដាក់អោយប្រើប្រាស់នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ ចំពោះរយៈពេលបីខែដំបូង ចាប់ពីពេលដែលដាក់អោយប្រើប្រាស់ អ្នកដំណើរនឹងទទួលបានការធ្វើដំណើរតាមរថភ្លើងមួយនេះដោយឥតគិតថ្លៃ។ យោងតាមអ្នកជំនាញមកពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា ការធ្វើដំណើរតាមផ្លូវរថភ្លើងនេះ ត្រូវចំនាយពេលពី២០ ទៅ២៥នាទី។

គំរោងផ្លូវទឹកដែលភ្ជាប់ពីព្រែកព្នៅទៅកាន់ក្រុងតាខ្មៅ ត្រូវបានសាងសង់ឡើងដើម្បីតភ្ជាប់ជាមួយនឹងកំពង់ផែចំនួន១៥ ដោយចំណតកំពង់ផែនីមួយៗ បានភ្ជាប់ជាមួយនឹងចំណតឡានក្រុងផងដែរដើម្បីជាមធ្យោបាយជួយសំរួលដល់អ្នកធ្វើដំណើរទាំងឡាយនៅពេលពួកគេមកដល់ផែ។ គំរោងផ្លូវទឹកមួយនេះក៏មានភ្ជាប់នូវនាវាល្បឿនលឿនចំនួន២០គ្រឿងទៀត ដែលអាចផ្ទុកមនុស្សក្នុងមួយគ្រឿងៗបានប្រមាណជា ៩៩នាក់ ហើយនឹងបើកចាប់ដំណើរការពីម៉ោង៦ព្រឹក ដល់ម៉ោង៨យប់។

គំរោងស្ពានបេឡេឆ្លងកាត់ទន្លេសាបត្រូវបានចាប់ផ្ដើមសាងសង់ឡើងតាំងពីខែតុលាឆ្នាំ២០១៧ និងសំរេចអោយដាក់ប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ គំរោងស្ពានមួយនេះជាមធ្យោបាយដ៏សំខាន់មួយដែលអាចជួយដោះស្រាយនូវបញ្ហាកកស្ទះតាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥។
សមិទ្ធិផលទាំងបួននេះ មិនត្រឹមតែអាចជួយសំរួលចរាចរណ៍ក្នុងរាជធានីភ្នំពេញបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដែលអាចទាក់ទាញអ្នកវិយោគិនបរទេសដែលមកពីប្រទេសនានាអោយមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
- Video Advertisement -