៥ខែដើម ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរសាធារណរដ្ឋឆែក ប្រមាណជិត ៤០០០នាក់
ក្នុងរយៈពេល៥ខែ ពោលចាប់ពីខែមករា-ឧសភា ឆ្នាំ២០២៥ មានភ្ញៀវទេសចរសាធារណរដ្ឋឆែក បានមកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ ខណៈកម្ពុជា និង ឆែក ក៏បានប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ផងដែរ។
នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកអគ្គរដ្ឋទូតឆែក បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អៗ លើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ផងដែរ។ ឯកឧត្តមថា កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ទូតឆែកនាពេលកន្លងមក។ ឯកឧត្តម ក៏បានស្នើស្ថានទូតឆែក បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមដែលមានភាពល្អប្រសើរ រួមទាំងកាលានុវត្តវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ថ្នាក់ដឹកនាំ ធុរជន និងពលរដ្ឋឆែកផងដែរ។
គួរបញ្ជាក់ថា ចំនួនភ្ញៀវទេសចរឆែក បានមកទស្សនាប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំ២០២៣ មានចំនួនប្រមាណ ៤.០០០ នាក់ ឆ្នាំ២០២៤ កន្លងទៅមានចំនួនជិត ៦.០០០នាក់ ហើយក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ហើយ។នេះបើតាមរបាយការណ៍ពីស្ថានទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា
គួររំលឹកទៀតថា ក្នុងឆមាសទី១នៃឆ្នំា២០២៥នេះ ឧស្សាហកម្មទេសចរណ៍កម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈគ្រឹះស្ថានអង្គរបានបង្ហាញពីចំណូលរបស់ខ្លួនជាង ២៧លានដុល្លារ បានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗ។ កំណើនដ៏ខ្លាំងខ្លានេះត្រូវបានកើនឡើងស្របពេលដែលប្រទេសកម្ពុជាមានចំនួនអ្នកដំណើរជាង ៣,៤លាននាក់ បានឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ខ្លួន ពោលគឺកើន ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ (អានបន្ថែម)

- Video Advertisement -