៨៥% នៃព្រៃកោងកាងនៅអាស៊ីអាគ្នេយ៍ កំពុងរងផលប៉ះពាល់ខ្លាំងពីគម្រោងអភិវឌ្ឍអចលនទ្រព្យ
ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ៨៥ភាគរយ នៃព្រៃកោងកាងនៅអាស៊ីអាគ្នេយ៍ ដែលរួមមាន ៣២ភាគរយ នៃផ្ទៃដីព្រៃកោងកាងសកល និងជាឧបករណ៍ធម្មជាតិស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតពីបរិយាកាសបានដល់ទៅ ១៥,៩លានតោន ក្នុងមួយឆ្នាំ កំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីការអភិវឌ្ឍអចលនទ្រព្យ ការពង្រីកកសិកម្ម និងផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមការស្រាវជ្រាវដែលដឹកនាំដោយលោក Valerie Kwan អ្នកជំនាញស្រាវជ្រាវពីសាកលវិទ្យាល័យ Queensland និងត្រូវបាន រាយការណ៍តាមសារៈព័ត៌មាន Eco-business កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៥។
ដោយឡែកនៅក្នុងប្រទេសកម្ពុជា ទិន្នន័យថ្មីៗពី Global Mangrove Watch បង្ហាញពីតំបន់ព្រៃកោងកាងរបស់ប្រទេសនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦២៦៩១ហិកតា ជាមួយនឹង អត្រាការកាប់បំផ្លាញព្រៃឈើនាពេលបច្ចុប្បន្នចន្លោះពី ៣% ទៅ ៥% ជារៀងរាល់ឆ្នាំ ។ ព្រៃកោងកាងដ៏ធំបំផុតរបស់ប្រទេស គឺដែនជម្រកសត្វព្រៃពាមក្រសោប គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៣៧៥០ហិកតា។ ការស្ទង់មតិជីវចម្រុះដ៏ទូលំទូលាយមួយនាពេលថ្មីៗនេះ នៅតំបន់ព្រៃកោងកាងនេះ បានរកឃើញប្រភេទសត្វប្លែកៗជាង ៧០០ នៅក្នុងតំបន់នេះ ។ គំហើញនេះ គូសបញ្ជាក់ពីតម្លៃអេកូឡូស៊ីដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រទាំងនេះ។
ការរកឃើញនេះ ក៏បានបង្ហាញពីការជាប់ពាក់ព័ន្ធយ៉ាងសំខាន់នៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យតាមឆ្នេរសមុទ្រនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលព្រៃកោងកាងបម្រើជារបាំងធម្មជាតិប្រឆាំងនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រ និងព្រឹត្តិការណ៍ប្រែប្រួលអាកាសធាតុធំៗ។ ប្រព័ន្ធអេកូឡូស៊ីទាំងនេះ ដែលមានសមត្ថភាពស្តុកទុកកាបូនពី ៣ ទៅ ៥ ដងក្នុង ១ហិចតា ច្រើនជាងព្រៃទឹកភ្លៀង កំពុងតែរងផលប៉ះពាល់កាន់តែខ្លាំងឡើងរវាងសម្ពាធនៃការអភិវឌ្ឍអចលនទ្រព្យ និងកិច្ចខិតខំប្រឹងប្រែងអភិរក្ស ជាពិសេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី កម្ពុជា និងហ្វីលីពីន ដែលជាកន្លែងវារីវប្បកម្ម ការដាំដុះស្រូវ និងចំការដូងប្រេងផ្តល់ការគំរាមកំហែងយ៉ាងខ្លាំងក្លាបំផុត។
លើសពីនេះ សក្ដានុពលសេដ្ឋកិច្ចនៃការអភិរក្សព្រៃកោងកាង បង្ហាញពីបញ្ហាប្រឈមដ៏ស្មុគស្មាញសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកវិនិយោគ។ កុំថាឡើយមានកិច្ចខំប្រឹងប្រែងទប់ស្កាត់នានា ដូចជាកម្មវិធីឥណទានកាបូនខៀវ (blue carbon credits) ពីគម្រោង Delta Blue Carbon នៅប្រទេសប៉ាគីស្ថានដែលបានបង្កើនតម្លៃកាបូនឡើងដល់ចំនួន ២៩,៧២ ដុល្លារក្នុងមួយតោន ក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏ការសិក្សាថ្មីនេះ បង្ហាញថា ទោះបីជាមានការដំឡើងតម្លៃកាបូនដល់ទៅ ២០០ ដុល្លារក្នុងមួយតោន ក៏ដោយ ក៏ឥណទានកាបូននឹងគ្របដណ្តប់បានត្រឹមតែប្រហែលមួយភាគបីនៃការចំណាយលើការអភិរក្សព្រៃកោងកាងប៉ុណ្ណោះ។ រចនាសម្ព័ន្ធកំណត់តម្លៃកាបូននេះ ប៉ះពាល់យ៉ាងខ្លាំងដល់សមិទ្ធលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍ឆ្នេរប្រកបដោយនិរន្តរភាព។
ការអភិវឌ្ឍន៍អចលនៈទ្រព្យតាមឆ្នេរ នឹងប្រឈមមុខនឹងផលវិបាកបន្ថែមទៀត ខណៈដែលអ្នកស្រាវជ្រាវព្រមានថា គ្រាន់តែមានវត្តមានគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបង្កើតឡើងដោយមនុស្សនៅតាមឆ្នេរសមុទ្រអាស៊ីអាគ្នេយ៍ គឺវាបានរារាំងរួចហើយនូវការពង្រីកតាមធម្មជាតិនៃព្រៃកោងកាង ដែលជាយន្តការសម្របខ្លួនដ៏សំខាន់ប្រឆាំងនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រ។ ការប្រឈមរវាងព្រំដីនៃគម្រោងអភិវឌ្ឍនិងព្រំដីព្រៃកោងកាងនេះ បង្កើតជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់អ្នកអភិវឌ្ឍន៍ដែលស្វែងរកតុល្យភាពរវាងផលចំណេញពីគម្រោងអភិវឌ្ឍឆ្នេរ ជាមួយនឹងនិរន្តរភាពបរិស្ថាន និងការការពារគ្រោះមហន្តរាយធម្មជាតិ។
ទោះបីជាបច្ចុប្បន្ននេះ ៤៧ ភាគរយនៃព្រៃកោងកាងក្នុងតំបន់អាស៊ានទាំងមូល គឺជាព្រៃដែលស្ថិតនៅក្នុងតំបន់ការពារសមុទ្រតាមច្បាប់ក៏ពិតមែន ប៉ុន្តែដើម្បីបំពេញតាមគោលដៅអភិរក្សរបស់ក្របខណ្ឌសកលហៅថា Kunming-Montreal Global Biodiversity Framework ឱ្យបាននោះ បើធៀបជាមួយនឹងការរចនាប្លង់អភិវឌ្ឍគម្រោងអចលនទ្រព្យធំៗនៅក្នុងតំបន់ទាំងនេះ គឺប្រហែលជាមិនធានាដល់ការអភិរក្សព្រៃកោងកាងរយៈពេលវែងបាននោះទេ។ ជាក់ស្តែង ទិន្នន័យប្រវត្តិសាស្ត្របង្ហាញថា ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាបានបាត់បង់ព្រៃកោងកាងប្រមាណ ៤២% ចន្លោះពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០១៧ ក្នុងអត្រា ១.៤១៥ ហិកតាក្នុងមួយឆ្នាំ ដែលបង្ហាញពីតម្រូវការបន្ទាន់សម្រាប់វិធានការអភិរក្សខ្លាំងជាងនេះ។
ជាចុងក្រោយ ការស្រាវជ្រាវរបស់សកលវិទ្យាល័យ Queensland ខាងលើ បង្ហាញពីការផ្លាស់ប្តូរឆ្ពោះទៅរកគំរូហិរញ្ញវត្ថុចម្រុះ ដោយរួមបញ្ចូលគ្នានូវលំហូរមូលនិធិសាធារណៈ និងឯកជន ដើម្បីគាំទ្រទាំងគោលដៅអភិវឌ្ឍន៍ និងការអភិរក្ស។ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ គំរូហិរញ្ញវត្ថុថ្មីនេះអាចរាប់បានថាជា ឱកាសថ្មីនៅក្នុងគម្រោងឆ្នេរដែលមានលក្ខណៈអេកូឡូស៊ី ដែលរួមបញ្ចូលការអភិរក្សព្រៃកោងកាងជាលក្ខណៈពិសេសបន្ថែមតម្លៃ និងបើនិយាយដោយចំពោះនោះ គឺយកតួនាទីយ៉ាងសំខាន់របស់ប្រព័ន្ធអេកូឡូស៊ីក្នុងការការពារឆ្នេរសមុទ្រ និងធន់នឹងអាកាសធាតុ គឺកត្តាកំណត់តម្លៃបន្ថែម៕
- Video Advertisement -