កង្វះបច្ចេកទេសក្នុងការជួលជុលបណ្តាលឲ្យអគារនៅខេត្តសៀមរាបបាក់រលំ
កាលពីថ្ងៃអាទិត្យ នៅឯខេត្តសៀមរាបមានការបាក់រលំអគារវ័យចំណាស់មួយដែលបានសាងសង់ឡើងតាំងពីជំនាន់អាណានិគមបារាំង មូលហេតុគឺបណ្តាលមកពីការជួសជុលខុសបច្ចេកទេស នេះបើយោងតាមការឲ្យដឹងពីអាជ្ញាធរខេត្ត។
យោងតាមការថ្លែងរបស់លោក ស ចន្ទផល្លីន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាបទៅកាន់កាសែតភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថា ការបាក់រលំនៃអគារបុរាណនេះគឺដោយសារតែ «ការជួសជុលខុសបច្ចេកទេស» ខណៈដែលអ្នកម៉ៅការជួសជុលសំណង់អគារពុំបានស្នើសុំការពិគ្រោះយោបល់ទៅលើលក្ខណៈបច្ចេកទេសក្នុងការជួសជុលសំណង់ពីមន្ត្រីជំនាញនៅឡើយ។
បន្ថែមពីនេះទៅទៀត លោក ស ចន្ទផល្លីន បានឲ្យដឹងថានេះមិនមែនជាលើកទីមួយទេដែលអគារនៅជុំវិញតំបន់នេះបានបាក់រលំដោយសារតែការជួសជុលខុសលក្ខណៈបច្ចេកទេស។ កាលពី ១០ឆ្នាំមុន ក៏មានការបាក់រលំអគារក្នុងតំបន់នេះដែរហើយបណ្តាលឲ្យកម្មករចំនួន២នាក់បានរងរបួស។
សូមបញ្ជាក់ថា អគារបុរាណខាងលើមានទីតាំងស្ថិតនៅជិតកន្លែងទេសចរណ៍ដ៏ល្បីល្បាញក្នុងខេត្តសៀមរាប គឺក្នុងតំបន់ Pub street បានបាក់រលំក្នុងអំឡុងពេលនៃការជួលជុលកែលម្អឡើងវិញ ដែលការបាក់រលំនេះបានបណ្តាលឲ្យកម្មករចំនួន១នាក់បានបាត់បង់ជីវិត និង៤នាក់ទៀតរងរបួស។
បើយោងតាមការចេញផ្សាយដដែលរបស់ភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថា អ្នកម៉ៅការគម្រោងសាងសង់នេះនឹងធ្វើការផ្ដល់សំណងដល់គ្រួសារជនរងគ្រោះដែលស្លាប់ចំនួន ៣០០០ ដុល្លារអាមេរិក ចំណែកឯគ្រួសារជនរងគ្រោះដែលបានរងរបួសគឺក្រុមហ៊ុននឹងផ្តល់សំណងចំនួន ៣៥០០ ដុល្លារអាមេរិក។
សម្រាប់របាយការណ៍លម្អិតអំពីឧបទ្ទវហេតុនេះសូមចូលទៅកាន់គេហទំព័ររបស់កាសែតភ្នំពេញប៉ុស្តិ៍។







