កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែអោយចតនាវាខ្នាតធំបានដល់ទៅ ៦ ម៉ឺនតោន
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងនឹងពង្រីកសមត្ថភាពរបស់កំពង់ផែបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០.០០០ តោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០២៣។
គម្រោងពង្រីកនេះគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ។
ក្រោយការសាងសង់ចំណតផែថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។
ការប្រកាសពីគម្រោងថ្មីនេះត្រូវបានលើកឡើងក្នុងពិធីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះ ដែលទទួលបានការចូលរួមជាអធិបតីភាពពី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ចំពោះចំណតកំពង់ផែពហុបំណងដែលបានបើកដំណើរការកាលពីថ្ងៃទី ២៥ខែ មិថុនា កន្លងមកនេះ រួមមាន ចំណតផែទំនិញរាយប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក១៣,៥ម៉ែត្រ ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat) ។
ចំណតកំពង់ផែថ្មីនេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានទឹកប្រាក់សរុបចំនួនប្រមាណ ៧៤លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន(JICA) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេង ៗ។
គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន TOYO Construction Co., Ltd និងក្រុមហ៊ុន MAEDA Corporation និងត្រួត ពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុន Nippon Koei Co., Ltd និងក្រុមហ៊ុន Oriental Consultants Global Co., Ltd. JV មកពីប្រទេសជប៉ុន ដោយចាប់ផ្តើមអនុវត្តការងារសាងសង់កាលពីពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥ និងបញ្ចប់នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨។
ចំណតផែនេះ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់សម្រាប់ដោះដូរផលិតផលកសិកម្មនិងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកដោយបានតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២, លេខ៣, និង លេខ៤ ព្រមទាំងផ្លូវរថភ្លើង និងជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៏ថា ៖ “កាលពីមុន កំពង់ផែក្រុងព្រះសីហនុនេះដឹកទំនិញបានត្រឹមតែ ១ម៉ឺនតោនតែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះកំពង់ផែយើងអាចដឹកទំនិញបានរហូតដល់ទៅ ៥ម៉ឺនតោន ដែលមានជម្រៅទឹករហូតទៅ១៤ម៉ែត្រ” ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ននេះ អាចស្រូបយកនូវចំណែកទីផ្សាររហូតដល់ជាង៧០% នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ វាបានបម្រើនូវសេវាកម្ម ចំនួនបួនរួមមាន៖ ទីមួយ ប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍ ទីពីរ សម្រាប់ដឹកជញ្ជូនទំនិញរាយ ទីបីសម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងទីបួនប្រើសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្ម បេ្រងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនេះដែរ សម្តេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក្នុងការផ្តល់ហិរញ្ញប្បទានសម្បទានសាងសង់ចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងការបំរើដល់វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការដឹកជញ្ជូនទំនិញចេញចូលផ្សេងៗទៀត។



https://www.facebook.com/mpwt.gov.kh/videos/893404457510562/?t=0
- Video Advertisement -