កម្ពុជាចេញគោលនយោបាយអភិវឌ្ឍវិស័យយានយន្តអគ្គិសនីជាផ្លូវការ ខណៈបច្ចុប្បន្នមានជិត ៣ពាន់គ្រឿងបានចុះបញ្ជី
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីនៅកម្ពុជា២០២៤-២០៣០ ខណៈយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២.៩៦៨គ្រឿង។ នេះបើតាមសេចក្តីសម្រេចលេខ ១០១ សសរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលនយោបាយនេះ ជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
បន្ថែមពីនេះ គោលនយោបាយនេះ ដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា សម្រាប់បំពេញឱ្យគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់។
គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ មានវិសាលភាពគ្របដណ្ដប់លើយានយន្តប្រភេទអគ្គិសនីសុទ្ធថ្មី (BEV) រួមមានរថយន្តអគ្គិសនីសុទ្ធថ្មីត្រីចក្រយានយន្តអគ្គិសនីសុទ្ធថ្មី និងទោចក្រយានយន្តអគ្គិសនីសុទ្ធថ្មី។
ទន្ទឹមនឹងនេះ ប្រភពដដែលនេះបានបញ្ចេញនូវរបាយការណ៍អត្រានៃការប្រើប្រាស់យានយន្ត ដែលមានការកើនយ៉ាងខ្លាំង ជាពិសេស ទោចក្រយានយន្ត និងរថយន្ត។
ក្នុងចំណោមយានយន្តសរុប ៧លានគ្រឿង ទោចក្រយានយន្តមានប្រមាណ ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល (រថយន្តទេសចរណ៍) មានប្រមាណ ១០% និងរថយន្តប្រើប្រាស់ ប្រេងឥន្ធនៈធុនធ្ងន់ (រថយន្តដឹកទំនិញ និងគ្រឿងចក្រ) មានប្រមាណ ៥%។
ក្នុងនោះដែរ យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២.៩៦៨គ្រឿង ដែលរួមមាន៖ ទោចក្រយានយន្តមាន ៩១៤គ្រឿង ត្រីចក្រយានយន្តមាន ៤៤០គ្រឿង និងរថយន្ត មាន ១.៦១៤គ្រឿង។
គួរបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធ មានការបញ្ចេញឧស្ម័នពុលតិចជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ទៅជិត៤០% រីឯការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីបញ្ចេញឧស្ម័នពុលតិចជាងទោចក្រយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ ១០ដង។
- Video Advertisement -