កម្ពុជាដាក់គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ៣៥០លានដុល្លារដេញថ្លៃជាអន្តរជាតិ

រូបតំណាង

រដ្ឋាករទឹកកម្ពុជា បានប្រកាសដាក់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ៣៥០លានដុល្លារអាមេរិកដេញថ្លៃជាអន្តរជាតិ នេះបើយោងតាមកិច្ចសម្ភាសន៍រវាង ឯកឧត្តម ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកភ្នំពេញ ជាមួយទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ យើងខ្ញុំ។

តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ីម ស៊ីថា នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៩ រោងចក្រខាងលើ គ្រោងនឹងសាង់សង់លើទឹកដីបាក់ខែង ហួសព្រែកតាសេក ជិតស្តាតមរតកតេជោ ក្នុងទំហំផ្ទៃដី ១០ហិកតា។ គម្រោងនេះ នឹងមានការសាងសង់ ស្ថានីយបូមទឹកមួយ រោងចក្រផលិតទឹកស្អាត ២ និងប្រព័ន្ធបំពង់ទឹក ដែលយកប្រភពទឹកសំខាន់ពីទន្លេមេគង្គ ហើយអាចមានសមត្ថភាពផលិតទឹកបាន ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាជនចំនួន ៥ម៉ឺននាក់បន្ថែមទៀតទៅលើចំនួនអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។

បច្ចុប្បន្ននេះ តាមការបញ្ជាក់ដដែលរបស់ឯកឧត្តម មានក្រុមហ៊ុនសាងសង់ចំនួនបីបាននិងកំពុងដាក់ពាក្យដេញថ្លៃគម្រោងនេះរួមមាន ក្រុមហ៊ុន Vinci របស់ប្រទេសបារាំង ក្រុមហ៊ុន CGGC របស់ប្រទេសចិន និងក្រុមហ៊ុន Tedagua-rei របស់ប្រទេសអេស្ពាញ និងម៉ាឡេស៊ី។ តាមការគ្រោងទុក គម្រោងនេះនឹងត្រូវដាក់ឲ្យដំណើរការសាងសង់ជាផ្លូវការនៅខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ ដែលនឹងត្រូវប្រើប្រាស់រយៈពេលជិត៤ឆ្នាំក្នុងការសាងសង់។

ឯកឧត្តមក៏បានឲ្យដឹងទៀតថា រោងចក្រផលិតទឹកស្អាតនេះ នឹងត្រូវសាងសង់ដោយប្រើប្រាស់បច្ចេកទេសចុងក្រោយបំផុតក្នុងការបន្សុតទឹកស្អាតដោយមានការត្រួតពិនិត្យគុណភាពពីសំណាក់អ្នកជំនាញរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញហើយក៏មានការបញ្ជូនទឹកទៅកាន់មន្ទីរ​ពិសោធន៍​​ឯករាជ​របស់​ប្រទេសសឹង្ហបូរីលើប្រព្រ័ន្ធទឹកស្អាតផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន បួន ដែលក្នុងនោះ បីកំពុងត្រូវបានដាក់ដំណើរការប្រើប្រាស់ ដែលមានសមត្ថភាពផ្តល់ទឹកបាន ៥៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ចំណែកឯ រោងចក្រមួយទៀតកំពុងត្រូវបានសាងសង់ឡើងវិញ ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅ ខែតុលា ឆ្នាំ២០១៩នេះ ដែលអាចផ្តល់ទឹក ៥ម៉ឺនម៉ែត្រគូប បន្ថែមទៀតដល់ទីក្រុងភ្នំពេញដែលមានតម្រូវការទឹកស្អាតរហូតដល់ទៅ ៧០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]