កម្ពុជាត្រូវការថវិកាជិត ៥០ពាន់លានដុល្លារ ដើម្បីអនុវត្ត ៣៣០គម្រោង នៅ១០ឆ្នាំខាងមុខ

កម្ពុជានឹងត្រូវការថវិកាប្រមាណ ជិត៥០ពាន់លានដុល្លារ អាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co Ltd កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាត្រូវការទុនវិនិយោគប្រមាណជិត ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍគម្រោងប្រមាណ ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យព័ស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជាជាដើម ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក Laurent Olmeta នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន CMA CGM បានលើកឡើងថា ក្រុមហ៊ុនលោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ទាក់ទងនឹងការដឹកជញ្ជូនតាមកំពង់ផែផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើនេះដែរ រដ្ឋមន្រ្តីក្រសួងសាធារណការ ក៏បានឲ្យដឹងទៀតថា ដើម្បីជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រកាន់តែមានភាពងាយស្រួល កម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

- Video Advertisement -