កម្ពុជានាំចូលដែកសំណង់ជាង៤០០លានដុល្លារពីវៀតណាមគិតត្រឹម៧ខែដើមឆ្នាំ២០១៨

រូបដោយ Pxhere

យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់សារធារណរដ្ឋវៀតណាមបានឲ្យដឹងថាប្រទេសកម្ពុជាបាននាំចូលដែកតម្លៃជាង ៤០០លានដុល្លារពីប្រទេសវៀតណាមក្នុងរយៈពេល៧ខែដំបូង ក្នុងឆ្នាំ២០១៨ នេះ។

ចាប់ពីខែមករា ដល់ ខែកក្កដាឆ្នាំ ២០១៨ ការនាំចេញដែកថែបរបស់វៀតណាមមកកាន់ប្រទេសកម្ពុជាមានចំនួនជាង ៧១៧ពាន់តោន ដែលស្មើទៅនឹងទឹកប្រាក់ប្រមាណជា ៤៦២,៧៣លានដុល្លារ។ លើសពីនេះទៅទៀត បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បរិមាណដែកសរុបដែលបាននំាចេញពីប្រទេសវៀតណាមចូលមកកម្ពុជាបានកើនឡើងដល់ទៅ ៤៩ភាគរយ ខណៈដែលទំហំទឹកប្រាក់ឡើង ៧៧,៩%។ ដូច្នេះកម្ពុជាគឺជាប្រទេសដែលបាននាំចូលដែកពីប្រទេសវៀតណាមច្រើនជាងគេ ហើយប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏ស្ថិតក្នុងលំដាប់ប្រទេសនាំចូលដែកពីវៀតណាមខ្ពស់ដែរ។

ជាក់ស្តែងណាស់វិស័យសំណង់កំពុងតែបន្តរីកចំរើននៅទូទាំងប្រទេស ហើយការផ្គត់ផ្គង់ដែកថែបក៏នៅតែបន្តកើនឡើង។ ដោយឡែកទោះជាមានការផ្គត់ផ្គង់ដែកមកពីបណ្តាប្រទេសផ្សេងៗទៀតដូចជាប្រទេសថៃក៍ដោយ ប៉ុន្តែវានៅមានកំរិតទាបជាងការនាំចូលដែកពីប្រទេសវៀតណាម ដោយសារតែតម្លៃដែកពីប្រទេសវៀតណាមគឺមានតម្លៃទាបជាង ហើយចំណាយដឹកជញ្ជូនគឺនៅទាប បើប្រៀបធៀបជាបណ្តាប្រទេសជិតខាងផ្សេងទៀត នេះបើយោងតាមគូសបញ្ជាក់ពីអ្នកផ្គត់ផ្គង់ដែកសំណង់នៅក្នុងប្រទេសកម្ពុជា។

 

- Video Advertisement -